ភ្នំពេញ៖ ក្រោយពីកីឡាករកីឡា ការិនីឈប់សម្រាកក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលទើបបានបញ្ចប់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥កន្លងទៅ សហព័ន្ធ កីឡាវាយសីកម្ពុជាសហការជាមួយ នាយកដ្ឋានអប់រំកាយនិងកីឡាបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ ជាតិតបតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានដាក់ចេញជា ផ្លូវការដើម្បីស្វែងរកកីឡាករកីឡាការិនីល្អសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីប្រមូល ផ្ដុំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ប្រយោជន៍បញ្ជូនអត្ដពលិកទៅចូលរួម ប្រកួតជាលក្ខណៈអន្ដរជាតិផ្សេងៗទាំង ក្នុងតំបន់និងថ្នាក់ទ្វីប ។
លោក ជាម សុភា អគ្គលេខាធិការ រងសហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យ ដឹងថា សម្រាប់ការប្រកួតជ្រើសរើស ជើងឯកឆ្នាំ២០១៥មានក្លិបនិងសមាគមចំនួន១១បានបញ្ជួនអត្ដពលិកមកចូល រួមក្នុងនោះមកពីខេត្ដកំពង់ឆ្នាំង៣២នាក់, កំពង់ចាម២៣នាក់, ស្វាយរៀង២៥នាក់, ខេត្ដព្រះសីហនុ៦នាក់, ក្លិបត្រញំងស្រែ ២០នាក់, ក្លិបមុនីឋាបនា២៥នាក់, ក្លិប ខេមរៈ១៨នាក់, ក្លិបព្រះខ័នរាជ១២នាក់, ក្លិបទីចាត់ការបច្ចេកទេសកងយោធពលខេមរភូមិន្ទ៩នាក់, ក្លិបខេត្ដកោះកុង៨ នាក់ និងក្លិបពហុកីឡដ្ឋានជាតិ៦នាក់ សរុបមានកីឡាករ១២៩នាក់កីឡាការិនី១៧នាក់ ។
លោក សុភា បានបន្ដឱ្យដឹងទៀតថា ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតមានដូច ជាវាយទោលបុរសក្របខ័ណ្ឌក-១ វាយ គូបុរស, ក្របខ័ណ្ឌក-១វាយទោលបុរស, ក្របខ័ណ្ឌក-២អាយុ១៩ឆ្នាំឡើងវាយ ទោលបុរសអាយុក្រោម១៩ឆ្នាំ, ក្រប ខ័ណ្ឌក-២ វាយទោលបុរសអាយុក្រោម ១៦ឆ្នាំ និងវាយគូបុរសអាយុក្រោម១៩ ឆ្នាំ ។
សម្រាប់ការប្រកួតជើងឯកឆ្នាំនេះ ក៏មានវិញ្ញាសាវាយទោលបុរសអាយុ ក្រោម១៣ឆ្នាំវាយគូបុរសអាយុក្រោម ១៣ឆ្នាំវិញ្ញាសាវាយទោលនារីវិញ្ញាសា វាយគូនារី និងវិញ្ញាសាប្រកួតជាក្រុម ហើយអ្វីដែលសហព័ន្ធកីឡាវាយសីរៀបចំគឺដើម្បីផ្ដល់ឱកាសឱ្យកីឡាករកីឡា ការិនីវ័យក្មេងបានចូលរួមច្រើនពីព្រោះពួកគេជាថ្នាល ។
គួររំលឹកថា កម្មវិធីប្រកួតជើងឯក ថ្នាក់ជាតិកីឡាវាយសីប្រចាំឆ្នាំ២០១៥ គ្រោងបញ្ចប់នៅរសៀលថ្ងៃទី២០ ខែ តុលាឆ្នាំ២០១៥នៅក្នុងសាលដំបូលទូក ពហុកីឡដ្ឋានជាតិ ៕
ដោយ៖ សារីម