ខេត្ដបន្ទាយមានជ័យ៖ ក្រុមចោរ ចូលប្លន់ផ្ទះថៅកែកាប់ជ្រូកមួយកន្លែងស្ថិតនៅក្នុងភូមិ-ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្ដបន្ទាយមានជ័យ ប្រមូល យកលុយសរុបជិត២ម៉ឺនដុល្លាររួចគេច ដោយសុវត្ថិភាពនិងបានវាយម្ចាស់ផ្ទះឱ្យរបួសធ្ងន់ ។
ករណីក្រុមចោរប្លន់ប្រដាប់ ដោយអាវុធនេះបានកើតឡើងកាលពី វេលាម៉ោង១២និង១០នាទីយប់ឈាន ចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ខណៈ ប្ដីស្ដ្រីម្ចាស់ផ្ទះជាមន្ដ្រីយោធាចេញទៅ យាមនៅកន្លែងបន្ទាយធ្វើការចម្ងាយពីផ្ទះប្រមាណជា១០០ម៉ែត្រ ។
តាមព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមចោរប្លន់មានគ្នា២ នាក់ដោយម្នាក់ស្លៀកពាក់ស៊ីវិលនិង ម្នាក់ទៀតស្លៀកពាក់ខោប៉ារ៉ាមានកាំភ្លើងខ្លី១ដើមដោយនៅមុនពេលធ្វើសកម្ម ភាពប្លន់ពួកគេបានគោះទ្វារឱ្យម្ចាស់ផ្ទះ បើកទ្វារខណៈមានតែប្រពន្ធឈ្មោះ វេន សាមឿន អាយុ៣២ឆ្នាំ កំពុងដេកលក់ និងប្ដីជាទាហានបានទៅយាមការពារព្រំដែននៅខាងមុខផ្ទះប្រមាណជា១០០ម៉ែត្រ។ ពេលនោះប្រពន្ធស្មានថាប្ដីត្រឡប់មកពីយាមហើយគោះទ្វារហើយពេលដែល បើកទ្វារឡើងក្រុមចោរបានសម្រុកចូលនិងវាយប្រពន្ធបណ្ដាលឱ្យបែកមាត់ រួចប្រមូលយកលុយដុល្លារ១២.២០០ ដុល្លារ លុយបាត២២ម៉ឺនបាត ហើយ គេចខ្លួនបាត់តែម្ដង។បន្ទាប់មកទើប មានការផ្អើលដល់ប្ដីនិងសមត្ថកិច្ចនគរបាលដឹកនាំដោយលោក អាត់ ខែម ស្នងការនគរបាលខេត្ដបន្ទាយមានជ័យចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួត ពិនិត្យទីតាំងកើតហេតុនិងសាកសួរស្ដ្រី រងគ្រោះខណៈដែលក្រុមចោរប្លន់បាន គេចខ្លួន ។
គួរបញ្ជាក់ថា នេះជាករណីទីមួយ ដែលនៅតំបន់អូរបីជាន់មានចោរប្លន់ ប្រដាប់ដោយអាវុធគ្រាដែលនៅតំបន់ អូរបីជាន់នេះមានកម្លាំងសមត្ថកិច្ចនិង ទាហាននៅការពារគ្រប់ទិសទីតែបែរជាឱ្យក្រុមចោរប្លន់រួចគេចខ្លួនដោយសុវត្ថិភាព ៕
ដោយ៖ សហការី