ភ្នំពេញ៖ សិល្បករពហុជំនាញ អ្នកនាងឆោម ច័ន្ទនេត ហៅ ស៊ូ ដាណេ បានបង្ហាញសារវែងអន្លាយមួយដែលបានរៀបរាប់អំពីការងារក្របខណ្ឌជាមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី របស់នាងត្រូវបានគេបញ្ចប់ក្រោយពីនាងតស៊ូធ្វើការអស់ជាង១៤ឆ្នាំ។
ការរៀបរាប់របស់នាងធ្វើឡើងក្រោយពីនាងសម្រេចចិត្តចាកចេញទាំងមិនដាច់អាល័យ។ នាងរៀបរាប់ថា នាងត្រូវបានបញ្ចូលឈ្មោះជាបុគ្គលិកបណ្តែតចាប់តាំងពីឆ្នាំ២០០៤មកគឺចាប់តាំងពីការធ្វើការងារសិល្បៈចាប់ពីមិនមានប្រាក់ខែសោះរហូតដល់ប្រាក់ខែ៥ម៉ឺនរៀល ប៉ុន្តែពេលនេះត្រូវបានគេបញ្ឈប់ព្រោះតែលើកហេតុផលមិនមានវត្តមានទៀងទាត់ក្នុងការបម្រើការងារ។ នាងបន្តថា ក្រៅពីនាងក៏មានបុគ្គលិកចាស់ៗជាច្រើនដែលធ្លាប់ឆ្លងកាត់ការតស៊ូនឹងការងារសិល្បៈត្រូវបានបញ្ឈប់ក្រោយពីក្រសួងចាប់ផ្តើមរិតបន្តឹងលើផ្នែកវត្តមាននិងក្រោយពីមានគោលការតម្លើងប្រាកខែកន្លងមក។ នាងទទួលស្គាល់ថា នាងពិតជាមិនបានចូលបម្រើការងារទៀងទាត់ ប៉ុន្តែនាងពិតជាបានសុំការអនុញ្ញាតិ ហើយក៏ស្ថិតក្នុងកាតព្វកិច្ចចេញទៅសម្តែង និងបង្រៀនជំនាញសិល្បៈនៅក្រៅប្រទេសដែរទើបនាងសុំការយោគយល់។ នាងបន្តថាសិល្បករចាស់ៗជាច្រើនបានសម្រេចចិត្តបង្កើតមុខរបរ ធ្វើការថែមម៉ោងខាងក្រៅដើម្បីចិញ្ចឹមជីវិតនិងក្រុមគ្រួសារដែលមិនអាចសំអាងតែលើកប្រាក់ខែតែមួយមុខបាននោះទេ។
គួរបញ្ជាក់ដែរថា ឆោម ច័ន្ទណេត ហៅ ស៊ូ ដាណេ ត្រូវបានទស្សនិកជនស្គាល់ច្រើនតាមរយៈស្នាដៃសម្តែងសិល្បៈជាច្រើនទម្រង់ទាំងការសម្តែង ល្ខោនបាសាក់ យីកេ របាំប្រពៃណី ចម្រៀងសម័យទំនើបចំរុះជាដើម។ នាងធ្លាប់បានបង្ហាញវត្តមានក្នុងវេទិការសិល្បៈជាតិ និងអន្តរជាតិ ជាច្រើនផងដែរ៕
ដោយ៖ វឌ្ឍនា