ខេត្តកណ្ដាល ៖ ជនបរទេសសរុបចំនួន៧៩៧នាក់ ស្រី៥៧៤នាក់ ត្រូវបានសមត្តកិច្ចរកឃើញថាបាននិងកំពុងចូលមកបោះតង់ស្នាក់នៅ និងជ្រកកោនក្នុងសមាគម សមាធិ ព្រះពុទ្ធសាសនាអន្តរជាតិមានទីតាំងក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ាវ ចំរើន ស្នងការនគបាលខេត្ដកណ្ដាល ដែលបានដឹកនាំកម្លាំងជំនាញ ចុះទៅ ដល់ទីតាំងនិងឆែកឆេ រកឃើញជនបរទេស មកស្នាក់នៅកម្ពុជាខុសច្បាប់ ជិត៨០០នាក់នៅថ្ងៃទី ០៤ តុលា ឆ្នាំ២០១៧នេះ ថា៖ ក្រោយពីសមត្ដកិច្ច ជំនាញ យើងទទួលបាន ព័ត៌មាន ពី ប្រជាពលរដ្ឋ ថាមានជនបរទេស ចំរុះជាតិ សាស្ដ្រ ជាច្រើន នាក់បានមកស្នាក់នៅ ទីតាំងនេះ ដោយខុសច្បាប់ ទាំងហ្វូងរួចមក សមត្ដកិច្ចយើងក៏បានចុះមកពិនិត្យនិង ស្រងស្ថិតិ ភ្លាម កាលពីម៉ោង២ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញ នៅទីតាំងសមាគម សមាធិព្រះពុទ្ធសាសនាអន្តរជាតិ នេះ ដោយរកឃើញមានជនបរទេសសរុបចំនួន៧៩៧ នាក់ ស្រី ៥៧៤នាក់ ក្នុងនោះមាន ៥សញ្ជាតិ រួមមាន ៖ ទី១. សញ្ជាតិវៀតណាមសរុប ៧៨៧នាក់ ស្រី៥៧៣នាក់។ ទី២.សញ្ជាតិតៃវ៉ាន់សរុប២នាក់ ( ប្រុស)។ ទី៣.សញ្ជាតិមីយ៉ាន់ម៉ាសរុប៦នាក់ (ប្រុស)។ ទី៤.សញ្ជាតិចិនម្នាក់ (ប្រុស)។ ទី៥.សញ្ជាតិអាមេរិកម្នាក់ (ប្រុស)។
លោក រឹម សារិ ស្នងការរងទទួលបន្ទុកសន្ដិសុខ ខេត្ដកណ្ដាល បានឲ្យដឹងដែរថា៖ ជនបរទេសទាំងនោះ បានមកស្នាក់នៅរយៈពេល៥ថ្ងៃ រួចមកហើយ ដោយគិតពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ក្នុងគោលបំណងរបស់ពួកគេ គឺដើម្បីមកធ្វើបុណ្យ និងសមាធិ ដោយពួកគេ ចូលមកកម្ពុជា តាមច្រកទ្វារបាវិត ,ច្រកបន្ទាយចក្រី និងភ្នំពេញ (ពោចិនតុង)។ លោកបន្ដថា៖ បច្ចុប្បន្ននេះ សមត្តកិច្ចយើង កំពុងសុំគោលការណ៏ថ្នាក់លើ ដើម្បីមានវិធានការ នឹងមាន ចំណាត់ ការបែបណាចំពោះទីតាំងសមាគម សមាធិព្រះពុទ្ធសាសនាអន្តរជាតិខាងលើនេះ។
ជនបរទេសចំរុះជាតិសាស ដែលកំពុងស្នាក់នៅទីតាំងខាងលើនេះ តាមការបញ្ជាក់ ឲ្យដឹង ពីប៉ូលិ៏សអន្ដោប្រវេសន៏រកឃើញថា៖ មានជនបរទេសចំនួន៧៨៧នាក់ អត់មានប៉ាស្ពរ័ (លិខិតឆ្លងដែន) ភាគច្រើនពួកគេ ឈ្លាតចូលមកទឹកដីកម្ពុជាតាមច្រករបៀង កម្ពុជាវៀត ណាម តាមរយៈមេខ្យល់ដោយយក ឈ្មោះសមាគម ព្រះពុទ្ធសាសនាអន្ដរជាតិ ជាខ្នង បង្អែក ពួកគេស្លៀកពាក់ជាសង្ឃតាមប្រពៃណី នៃសាសនាវៀតណាម ។ ដល់ពេលពួកគេចូលមកដល់ទីតាំង សមាគមនេះរួចហើយ ពួកគេ ក៏បានដោះ សម្លៀកបំពាក់ជាសង្ឃនោះចេញ រួចពួកគេ ចេញទៅប្រកបមុខរបរផ្សេងៗ គ្រប់ទីកន្លែងនៅក្នុងទឹកដីកម្ពុជាតែម្ដង។
បច្ចុប្បន្ន ជនបរទេសទាំង៧៨៧នាក់នេះ សមត្ដកិច្ចកុំពុងរក្សាទុក ឲ្យស្នាក់នៅ ក្នុងសមាគម នេះបណ្ដោះអាសន្នរងចាំបញ្ជាថ្នាក់លើថាតើត្រូវមានវិធានការបែបណា ចំពោះពួកគេ៕ ដោយ៖ សំរិទ្ធ