ខេត្តកណ្ដាល ៖ យុវជនពីរនាក់ ដែលជាជនដៃដល់យកកាំបិតប៉័ង តោកាប់ចំកណ្ដាលថ្ងាសប៉ុនប៉ងសម្លាប់ជនរងគ្រោះ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រហូតមកដល់ថ្ងៃទី៤ ខែតុលានេះ សមត្ថកិច្ចបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះថុល សុខមាន អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកអង្គុញឃុំសៀមរាប មុខរបរនៅផ្ទះ ជាជនដៃដល់ និង២-ឈ្មោះម៉ៅ ភារី រស់នៅភូមិព្រែកអង្គុញឃុំសៀមរាប មុខរបរនៅផ្ទះ ជាអ្នកបើក ម៉ូតូ ។ ក្នុងនោះសមត្ថកិច្ចដកហូតកាំបិតបុ័ងតោពណ៌សដងដែក១ ម៉ូតូម៉ាកនិច០១គ្រឿងពណ៌សពាក់ ស្លាកលេខ កណ្តាល ១U- ០៤៣៧ ដែលជាមធ្យោបាយជិះធ្វើដំណើរ ។
ចំណែកជនរងគ្រោះឈ្មោះ សល់ សុខឡាង ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ ។
គួររំឭកថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូជាមួយពូឈ្មោះលី សុខជឿន និងមីងឈ្មោះអ៊ឹម ធារី ដោជនរងគ្រោះនៅអង្គុយចន្លោះកណ្តាល មកទិញម្ហូបនៅភូមិជើព្រៃទី៣ ។ នៅពេលទិញរួចក៏ត្រឡប់មកដល់ចំណុចពីខាងកើតភូមិជើងព្រៃទី៣ ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង នៅ ពេលជិះហួសបាន១០០ ម៉ែត្រក៏បកត្រឡប់មកវិញ ហើយអែបក្បែរជនរងគ្រោះ ឈ្មោះថុល សុខមាន ដែលជាជនដៃដល់ដកកាំបិតកាប់ទៅលើជនរងគ្រោះចំពីលើថ្ងាសបណ្តាលឲ្យរងរបួសជាទម្ងន់ ហើយក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ នៅរាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់បានគេចខ្លួន រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ច ស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួន នាំមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ