លោក ឃួង ស្រេង ៖ ចុះពិនិត្យស្ថានភាពប្រឡាយស្ថានីយទួលគោកទី២ មុនស្ថាបនាបុកស៊ីផាយនិងសាងសង់ផ្លូវជាប់ប្រឡាយ ដើម្បីរំដោះការលិចលង់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានកសាងបណ្តាញលូជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ពិសេសថែមទៀតនោះ គឺការកសាងស្ថានីយបូមទឹកធំៗជាច្រើនកន្លែងដែលមានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី គឺកើន ៣ដងធៀបនឹងស្ថានីយបូមទឹកចាស់ ។

ជាស្តែងសម្រាប់ព្រឹកថ្ងៃទី០៩ តុលានេះ ដើម្បីជម្រុញ កាេងារខាងលើឲ្យបានល្អនិងទាន់ពេលវេលាអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្រោយពីបញ្ចប់ការចូលរួមជាមួយសម្តេចតេជោហ៊ុន សែននៅកោះពេជ្រ លោកបានដឹកនាំមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពប្រឡាយស្ថានីយទួលគោកទី២ មុនស្ថាបនាបុកស៊ីផាយនិងសាងសង់ផ្លូវជាប់ប្រឡាយ ដើម្បីរំដោះការលិចលង់នៅតំបន់មួយចំនួននៅទួលគោកនិងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំឲ្យមន្ទីរពាក់ព័ន្ធពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជម្រុញការស្ថាបនាបុកស៊ីផាយនិងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយទួលគោកទី២ ដើម្បីរំដោះការ លិចលង់ ដោយត្រូវចាប់ផ្តើមដំណើរការឲ្យបានឆាប់ ពោលគឺអាចចាប់ផ្តើមឡើងនៅខែវិច្ឆិកា ឬធ្នូឆ្នាំ២០១៧នេះ ។
លោកឃួង ស្រេង ក៏បានជម្រុញឲ្យ អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវចុះមើលផ្លូវ លូ កន្លែងណាដែល លិច តិចឬ ច្រើន ដើម្បីរកដំណោះស្រាយពីការលិចលង់នេះ មិនត្រូវដេកអោបពង ពេលមានភ្លៀងធ្លាក់ខ្លាំងនោះទេ ។មានន័យថា កន្លែងណាដែលមានលូស្ទះមិនដំណើរការយើង ចាប់ផ្តើមស្តាភ្លាមតែម្តង។ ការស្ថាបនាបុកស៊ីផាយនិងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយទួលគោកទី២នេះ តាមគម្រោងមានតួប្រឡាយទំហំ១៣ម៉ែត្រនិងផ្លូវនៅជាប់មាត់ប្រឡាយទំហំ៥ម៉ែត្រ។ចំណែកកំណាត់ផ្លូវរថភ្លើងចាប់ពីផ្លូវ៧០(ទំនប់ទួលគោក) ដល់ ផ្លូវR 10ក៏និងត្រូវស្ថាបនាជំនួសផ្លូវរថភ្លើងទំហំទទឹង១០ម៉ែត្រផងដែរ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីស្ថាបនាប្រឡាយស្ថានីយទួលគោកទី២នេះរួចតំបន់មួយចំនួនដែលធ្លាប់លិចលង់នៅទួលគោកនិងនៅសង្កាត់ស្រះចកខណ្ឌដូនពេញនឹងលែងទទួលរងការលិចលង់ហើយ។
សូមបញ្ជាក់ថា៖ ស្ថានីយ៏បូមទឹកទួលគោកទី២នេះ ត្រូវបានបំពាក់ម៉ូទ័របូមទឹកចំនួន៥គ្រឿង ដែលមានសមត្ថភាពបូម៥ម៉ែត្រគូបក្នុង១វិនាទី បន្តទៅប្រឡាយ អូរបាក់ទូក ដោយចាប់ពីផ្លូវទំនប់៧០ រហូតដល់ផ្លូវបូរីទួលសង្កែ ប្រវែង ៣៧០០ម៉ែត្រ ទទឹងចាប់ពី១០ម៉ែត្រទៅ៥០ម៉ែត្រ បន្ទាប់ពីស្ថាបនារួច អាចរំដោះទឹកចេញពីតំបន់ទួលគោក តំបន់ស្រះចក ដូនពេញ និងតំបន់ទួលសង្កែ ឬអាចនិយាយបានថា អាចរំដោះទឹកពីភាគខាងជើងរាជធានីភ្នំពេញតែម្តង៕

ដោយ៖ សំរិទ្ធ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print