មេទ័ពស៊ីរី លោក Ali Al Ali ប្រធានក្រុមចារកិច្ចយោធារបស់កម្លាំងទាហានរដ្ឋាភិបាលស៊ីរីបានបញ្ជាក់ថា៖ អាមេរិកបានផ្តល់អាវុធដល់ក្រុមភេរវកម្មIS នៅក្នុងប្រទេសនេះ មិនមែនប្រគល់ទៅឲ្យក្រុមប្រឆាំងស៊ីរីនោះឡើយ។
លោកអាលី បានបញ្ជាក់ថា៖ « យើងបានដឹងថា តាំងពីថ្ងៃទី៥ខែមិថុនា ដល់ ចុងខែកញ្ញា អាមេរិកបានផ្តល់អាវុធទៅឲ្យក្រុម ភេរវកម្ម IS នៅស៊ីរី ដែលមាន រថយន្តដឹកជញ្ជូន១៤២១គ្រឿង និងសម្ភារៈយោធាជាច្រើនផ្សេងទៀត»។ លោកបញ្ជាក់ទៀតថា៖ អាវុធទាំងនោះពេលដំបូងបញ្ចូនទៅកាន់ស៊ីរីដើម្បីចូលរួមវាយប្រហារក្រុមភេរវកម្ម ប៉ុន្តែ បែជាធ្លាក់ចូលក្នុងដៃក្រុមភែរវកម្មទៅវិញ។
លោកអាលីបន្តទៀតថា ក្រុមប្រឆាំងស៊ីរីបានទទួលនៅអាវុធទាំងនោះតាមកម្មវិធីជំនួយរបស់មន្ទីរបញ្ចកោណ សម្រាប់សម្ពន័្ធមិត្តិរបស់អាមេរិក។កម្លាំងទាហាន ស៊ីរីបានរកឃើញអាវុធដែលក្រុមភេរវកម្ម IS ប្រើប្រាស់គឺផលិតនៅអាមេរិក ប៊ែលហ្សិច និងបារាំង។
តាមការបញ្ជាក់របស់មេទ័ពស៊ីរីបានបញ្ជាក់ថាចំនួន អាវុធ ដែលរឹបអូសបានពីក្រុមភេរវកម្មកាលពីសប្តាហ៍កន្លងមក គឺជាអាវុធដែលបញ្ជូនខុសច្បាប់ចូលក្នុងប្រទេសស៊ីរី ។
ក្រៅពីស៊ីរី មេដឹកនាំក្រុម ហេស៍ប៊ូឡា លោក Sayyed Hassan Nasrallah បាននិយាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងបម្រើផលប្រយោជន៍ រដ្ឋឥស្លាមជ្រុលនិយម តាមរយៈការរារាំងកងទ័ពស៊ីរី និងសម្ពន្ធមិត្ត ដែលកំពុងធ្វើប្រតិបត្តិការវាយសម្រុក ក្នុងតំបន់មួយចំនួន នៃប្រទេសស៊ីរីភាគខាងកើត។
តាមប្រភពពីកាសែតរ៉យទើ មេដឹកនាំរបស់ក្រុមហេស៍ប៊ូឡា ជាចលនានិកាយស៊ីអ៊ីត ដែលអាមេរិកចាត់ទុកថា ជាក្រុមភេរវកម្ម បាននិយយាថា កងទ័ពអាកាស សហរដ្ឋអាមេរិក ក្នុងតំបន់ខ្លួន បានរារាំងកងទ័ពស៊ីរី និងសម្ពន្ធមិត្ត មិនឲ្យវាយសម្រុក ចូលក្នុងតំបន់ ដែលក្រុមរដ្ឋឥស្លាមកាន់កាប់។
គួរបញ្ជាក់ផងដែរថា ការថ្លៃងបែបនេះ របស់មេដឹកនាំហេស៍ប៊ូឡា គឺត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បាននិយាយថា ប្រធនាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់ ពីបទគាំទ្រដល់ ក្រុមហេស៍ប៊ូឡា និងស្របពេលដែលសភាអាមេរិក ត្រៀមពិចារណា ទណ្ឌកម្មកាន់តែតឹងតែងឡើង លើក្រុមហេស៍ប៊ូឡាខ្លួនឯង ផ្ទាល់ផងដែរ៕
ដោយ៖ មែវ សាធី