មីយ៉ាន់ម៉ាបានចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមឧទ្ទាមប្រដាប់អាវុធចំនួន៨ក្រុមនៅក្នុងប្រទេសនេះ ដោយសង្ឃឹមថា កិច្ចព្រមព្រៀបបាញ់នេះ នឹងនាំមកនូវសន្តិភាព ឈានដល់បញ្ចប់អំពើហិង្សាដែលអូសបន្លាយពេលវេលារាប់ទសវត្សរ៍កន្លងមកហើយ ។
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន បានថ្លែងថា កិច្ចព្រមព្រៀងឈប់បាញ់ដែលធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នោះជាការបើកឲ្យមានវិថីឆ្ពោះទៅរកសន្តិភាពនៅពេលអនាគត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬហៅថាភូមានោះ ។
ប៉ុន្តែទោះបីយ៉ាងណា ក្រុមឧទ្ទាមដែលសកម្មក្នុងអំពើហិង្សាបំផុតនោះ នៅមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានសម្រេចឡើងនៅពេលនេះ ក្រោយពីកិច្ចពិភាក្សាអស់រយៈពេលជិត២ឆ្នាំកន្លងមកនោះឡើយ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានភ្ជាប់ក្រុមឧទ្ទាមប្រដាប់អាវុធបង្កអំពើហិង្សានោះចូលជាមួយក្រុមជនជាតិដើមភាគតិចដទៃផ្សេងទៀតដែលកំពុងព្យាយាមធ្វើសកម្មភាពគ្រប់គ្រងតំបន់ស្វយ័តរបស់ខ្លួនឲ្យកាន់តែធំទូលាយចាប់តាំងពីទទួលឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៨រៀងមក ។
អំពើហិង្សារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ខណៈដែលរាប់ពាន់នាក់ផ្សេងទៀតគ្មានជម្រកស្នាក់នៅសមរម្យ បង្ខំឲ្យកម្លាំងយោធាចាំបាច់ត្រូវតែចេញមុខអន្តរាគមន៍ក្នុងឆាកនយោបាយ ដឹកនាំរបបនៅមីយ៉ាន់ម៉ាអស់ជាច្រើនឆ្នាំ ។
ប៉ុន្តែនៅពេលរបបយោធាផុតរលត់ទៅចូលដល់របបបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកប្រធានាធិបតីថេន សេន មីយ៉ាន់ម៉ាបាននិងកំពុងកែទម្រង់គោលនយោបាយរបស់ខ្លួនចាប់ពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន ក្នុងគោលដៅបញ្ចប់អំពើហិង្សា ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាមានក្តីសង្ឃឹមទៅលើកិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ កើតឡើងមុនពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដែលមីយ៉ាន់ម៉ារៀបចំការបោះឆ្នោតសកលនោះថា ជាជំហានថ្មីបំផុតលើវិថីមួយឆ្ពោះទៅរកការដោះស្រាយនយោបាយដែលនៅសេសសល់ចុងក្រោយ ។
ប្រធានាធិបតីថេន សេន បានថ្លែងនៅឯពិធិចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមឧទ្ទាម ក្នុងទីក្រុង ណៃពិដោនោះថា «នេះជាថ្ងៃប្រវត្តិសាស្ត្ររបស់មីយ៉ាន់ម៉ា ។ យើងអាចឈានដល់វិថីថ្មីមួយដើម្បីសន្តិភាពក្នុងពេលអនាគតសម្រាប់ប្រទេសរបស់យើង» ។
ប្រធានក្រុមប្រដាប់អាវុធ KNU (Karen National Union) បានបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់នេះជាព្រឹត្តិការប្រវត្តិសាស្ត្រមួយ ដែលសម្រេចឡើងបានដោយភាពអង់អាច និងការពិភាក្សាគ្នាយ៉ាងស្វាហាប់ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រុមប្រដាប់អាវុធ៧ក្រុមផ្សេងទៀតដែលចូលរួមក្នុងពិធីពិភាក្សាលើកិច្ចព្រមព្រៀងឈប់បាញ់ផងដែរនោះ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយនោះឡើយ ។
ក្នុងចំណោមក្រុមឧទ្ទាមទាំង៧ដែលមិនបានចុះហត្ថលេខានេះ មានក្រុម UWSA (United Wa State Army) ដែលមានកម្លាំងសរុបប្រមាណ២៥.០០០នាក់កំពុងធ្វើប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសចិន ហើយក្រុមនេះហើយដែលតែងតែច្រានចោលការពិភាក្សាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ានោះ ។ ក្រុម KIO ក្រុម KIA ដែលគ្រប់គ្រងដែនដីភាគច្រើននៅក្នុងរដ្ឋកាជីន មីយ៉ាន់ម៉ានោះក៏មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋាភិបាលនាពេលនេះផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត