ភ្នំពេញ៖ទីបំផុត តុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោលជាស្ថាពរហើយ ដោយបិទផ្លូវតវ៉ា។ រីឯថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ក៏ត្រូវតុលាការកំពូល សម្រេចផ្អាកសកម្មភាពនៃការធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ ។
ការសម្រេចរបស់តុលាការកំពូលនេះ បន្ទាប់ពីបានបើកសវនាការពេញមួយថ្ងៃទី១៦ ខែវិច្ឆិកា នេះ ។ សវនាការនេះ មានចៅក្រមរហូតដល់៩រូប ដឹកនាំដោយលោក ឌិត មុន្ទី ប្រធានតុលាការកំពូល និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ជាតំណាងមហាអយ្យការ ។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ សម្តែងការសាទរដែលតុលាការកំពូល សម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដែលបានចោទថា គណបក្សប្រឆាំងមួយនេះ រណបបរទេសនិងទទួលការបង្គាប់បញ្ជាពីសហរដ្ឋអាមេរិក ដើម្បីធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ផ្តួលរលំរដ្ឋអំណាចស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
នាពេលសវនាការ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានលើកភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់និងបានចាក់បញ្ចាំងវីដេអូឃ្លីបជាច្រើនបង្ហាញតុលាការកំពូល ដែលបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ពិតជាបានកំពុងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ប្រាកដមែន ។
ទោះបីយ៉ាងណា គណបក្ស សង្គ្រោះ ជាតិ ពុំ បាន ពឹងពាក់ មេធាវី ឱ្យ ការពារ ក្ដី នៅ តុលាការ កំពូល ទេ ។ បញ្ហា នេះ ក្រុម មេធាវី តំណាង ក្រសួង មហាផ្ទៃ បញ្ជាក់ ថា ទោះបី គណបក្ស សង្គ្រោះ ជាតិ ពុំ បាន ដាក់ មេធាវី ក៏ តុលាការ កំពូល អាច បន្ត នីតិវិធី បាន ដែរ ។
គួរ បញ្ជាក់ ថា កាលពី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រុម មេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្ស សង្គ្រោះ ជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕
ដោយ៖ ចេស្តា