ពលរដ្ឋហ្ស៊ីមបាវេ និងតំណាងរាស្ត្រ បាននាំគ្នាដង្ហែរក្បួនអបអរសាទរ ក្រោយពេល ប្រធានាធិបតីរ៉ូប៊ឺត ម៉ូហ្គាបេ ប្រកាសលាលែងពីដំណែង។
ប្រធានរដ្ឋសភាហ្ស៊ីមបាវេ អានលិខិតសុំលាលែងពីដំណែងរបស់ប្រធានាធិបតី Robert Gabriel Mugabe សរសេរថា« ខ្ញុំ រ៉ូបឺត មូហ្គាបេ យោងទៅតាមមាត្រាទី៩៦នៃរដ្ឋធម្មនុញ្ញហ្ស៊ីមបាវេ សូមប្រកាសលាលែងចេញពីដំណែង…ដោយមានប្រសិទ្ធិភាពភ្លាមៗ។ ខ្ញុំលាលែងចេញពីដំណែងដើម្បី ការផ្ទេអំណាច ប្រព្រឹត្តទៅដោយរលូន ។ ការសម្រេច របស់ខ្ញុំធ្វើឡើងដោយខ្លួនឯង»។
ព័ត៌មានខាងលើបានបញ្ជូនទៅ រដ្ឋសភា ដែលកំពុងតែប្រជុំស្តីពីជោគវាសនារបស់លោកមូហ្គាបេអាយុ៩៣ឆ្នាំ ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ១៩៨០ ក្រោយទទួលបានឯករាជ្យពីប្រទេសអង់គ្លេស។
បណ្តាតំណាងរាស្ត្រ បានអបអរសាទរដល់ការសម្រេចចិត្តទាន់ពេលវេលារបស់លោក មូហ្គាបេ ។ ពលរដ្ឋក៏បានចេញដង្ហែរក្បួនតាមផ្លូវ អបអរសាទរផងដែរ ។ ការចុះចេញពីដំណែងគឺជាការ បញ្ចប់ វិបត្តិនយោបាយ ក្នុងរយពេលមួយសប្តាហ៍កន្លងមកនេះ។
អតីតប្រធានាធិបតី Mnangagwa នឹងចូលកាន់តំណែងប្រធានាធិបតីហ្ស៊ីមបាវេ
កាលពីថ្ងៃទី២១ខែវិច្ឆិកា អគ្គលេខាគណបក្សកាន់អំណាច ZANU –PF នៅហ្ស៊ីមបាវេ លោក Patrick Chinamasa បានប្រកាសឲ្យដឹងថា អតីតប្រធានាធិបតីEmmerson Mnangagwa នឹងចូលកាន់តំណែងប្រធានាធិបតីដឹកនាំប្រទេសនៅថ្ងៃទី២២ ឬ២៣ខែវិច្ឆិកា នេះ ក្រោយប្រធានាធិបតីវ័យ៩៣ឆ្នាំព្រមចុះចេញពីដំណែង។
ក្នុងពេលជាមួយគ្នានេះ ប្រធានគណកម្មការសើមអង្គេតរបស់ គណបក្សកាន់អំណាចបាន បញ្ជាក់ លោក Emmerson Mnangagwa និងត្រូវឡើងកាន់តំណែងប្រធានាធិបតីក្នុងរយះពេល ៤៨ម៉ោង ហើយបន្ត អាណត្តិរបស់ប្រធានាធិបតី មូហ្គាបេ រហូតដល់ការបោះឆ្នោត ជាថ្មីនៅខែកញ្ញឆ្នាំ២០១៨។
ក្នុងថ្ងៃជាមួយគ្នានោះអគ្គមេ បញ្ជាការ កងទ័ពហ្ស៊ីមបាវេ ឧត្តមសេនីconstantino chiwenga បានអំពាវនាវ បណ្តាគណបក្សនយោបាយទាំង អស់រក្សការអត់ធ្មត់ក្រោយលោកមូហ្គាបេ លាលែងពីតំណែង។
ប្រធានាធិបតីរ៉ូបឺត មូហ្គាបេ បានលាលែងចេញពីដំណែងកាលពីថ្ងៃទី២១ខែវិច្ឆិកា ក្នុងពេលដែលសភា ហ្ស៊ីមបាវេ បានចាប់ផ្តើមពិភាក្សា ពីការចោទប្រកាន់ទោស ប្រធានាធិបតី ។ ក្នុងពេលកំពុងពិភាក្សា ប្រធានរដ្ឋសភាក៏ទទួលបានលិខិតលាលែងពីដំណែងរបស់ប្រធានាធិបតី ធ្វើឲ្យកិច្ចពិភាក្សាត្រូវផ្អាក។
កន្លងមក តំណាងរាស្ត្រ មកពីគណបក្សកាន់អំណាច ២៣០រូប ក្នុងចំណោមតំណាងរាស្ត្រទាំង២៦០រូបក្នុងសភាបានអនុម័ត ចោទប្រកាន់ទោសទៅលើប្រធានាធិបតី ក្នុងពេលពលរដ្ឋ ជាច្រើនដង្ហែរក្បួនទាមទា ឲ្យលោកមូហ្គាបេចុះចេញពីដំណែង។
ការចាកចេញពីដំណែងទាន់ពេលវេលា បានជួយឲ្យហ្ស៊ីមបាវេ ឆ្លងផុតនៅវិបត្តិ នយោបាយដែលអូសបន្លាយមួយសប្តាហ៍កន្លងមក ក្រោយកម្លាំងយោធាចូលគ្រប់គ្រងទីតាំងរបស់រដ្ឋ និងឃុំខ្លួនប្រធានាធិបតីនៅក្នុងផ្ទះ៕
ដោយ៖ មែវ សាធី