រីជឹស (Regus) ពង្រីក​ខ្លួន​នៅភ្នំពេញ ដើម្បីជួយគាំទ្រ​ដល់​អាជីវកម្ម​ថ្មី​នៅ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖ដោយសារកម្មវិធីអភិវឌ្ឍអាជីវកម្មកំពុងទាក់ទាញការបោះដើមទុនពីបរទេសសម្រាប់សហគ្រាសក្នុងស្រុក ធ្វើឲ្យរាជធានីភ្នំពេញក្លាយជាបណ្ដុំមួយក្នុងចំណោមបណ្ដុំទាក់ទាញបំផុតនៅក្នុងតំបន់ទន្លេមេគង្គ សម្រាប់សហគ្រាស និងអាជីវកម្មថ្មី។ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ការិយាល័យ​លំដាប់ពិភព​លោក ឈ្មោះថារីជឹស (Regus) នៅថ្ងៃនេះ ប្រកាស​អំពី​ការ​បើក​ទ្វារ​ដំណើរ​ការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីពីរ​របស់ខ្លួន​​នៅ​ក្នុង​រាជធានីភ្នំពេញ ។ វិស័យ​​អាជីវកម្ម​ថ្មី​របស់​កម្ពុជា​​បាន​មើលឃើញ​ពីកំណើន​យ៉ាង​លឿន​ ក្នុងរយៈកាល​ប៉ុន្មាន​ឆ្នាំ​មកនេះ ភាគ​ច្រើន​គឺ​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​អាជីវកម្ម​​ផ្សេងៗ ដែលភ្ជាប់​សហគ្រិន​កម្ពុជាឲ្យ​បានជួប​ជាមួយ​នឹង​វិនិយោគិន​បរទេស ។
ដោយ​ផ្អែក​លើមូលដ្ឋានគ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​រឹង​មាំ និង​ស្ថិរភាព​នយោបាយ ប្រទេស​កម្ពុជាបានបន្ត​ជំរុញ​​បរិយាកាស​ពាណិជ្ជកម្ម​កាន់តែមានភាព​ទាក់ទាញជាង​មុន​​សម្រាប់​ការ​វិនិយោគ និង​ការធ្វើអាជីវកម្ម ។ លោក ឡាស៍ វីតធីង (Lars Witting) នាយក​ប្រចាំប្រទេសរបស់​ក្រុមហ៊ុន រីជឹស កម្ពុជា បានថ្លែងថា៖ “​ប្រទេស​កម្ពុជា​​បាន​ក្លាយជា​មជ្ឈដ្ឋាន​អាជីវកម្ម​ដ៏​រឹង​មាំ ជាមួយ​នឹង​ការ​វិនិយោគ​​ជា​ច្រើន​លើ​ហេដ្ឋារចនា​សម្ព័ន្ធ និង​សេវាកម្ម ហើយ​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹងថា នឹង​រក្សា​​កំណើន​រឹង​មាំ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំទៅមុខទៀត ។ អាជីវកម្ម​ និង​សហគ្រាស​ខ្នាត​តូច ​គឺ​មាន​ចំនួន​ច្រើន ធៀប​នឹង​អាជីវកម្ម​ទូទៅ ហើយ​យុវជន​​មាន​ចំនួន ប្រមាណ ៤០ភាគរយ នៃ​ប្រជាជន​កម្ពុជាសរុប ដូច្នេះ កម្ពុជា​គឺ​ជាទីផ្សារ​ដ៏​សក្តិសមមែនទែន​​សម្រាប់​ក្រុមហ៊ុន រីជឹស” ។លោក​បាន​បន្តទៀតថា៖ “ជាមួយនឹង​កម្លាំង​ពលកម្ម​វ័យ​ក្មេងបំផុត​​ក្នុង​តំបន់​ឥណ្ឌូចិន ព្រមទាំង​បណ្ដាញ​សហគ្រិន​​ដែលចេះ​តែបន្ត​អភិវឌ្ឍ យើង​បាន​មើលឃើញ​នូវ​កំណើន​សក្ដានុពល​​ នៃការ​ស្វែង​រក​ដំណោះ​ស្រាយចំពោះការិយាល័យធ្វើការ​ដែល​មានភាព​បត់បែន ។ ក្រុមហ៊ុន រីជឹស មាន​សេចក្តី​សោមនស្ស​រីករាយ​​ដែលបានចូលរួម​ចំណែក​ក្នុង​កំណើន​អាជីវកម្ម​ទាំងនេះ ហើយ​ការ​ពង្រីក​​ប្រតិបត្តិការ​របស់យើង​ក្នុងរាជធានីភ្នំពេញ គឺ​គ្រាន់តែជា​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ” ។
ដើម្បី​ឆ្លើយ​តប​ទៅនឹង​កំណើន​តម្រូវការ​នេះ ក្រុមហ៊ុន រីជឹស បាន​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្មទីពីរ​របស់ខ្លួន​​នៅ​ឯអគារ​ ឌឹ កាសា មើរីឌៀន (The Casa Meridian) ​នៅ​កោះពេជ្រ ដើម្បី​នាំ​បណ្ដាញ​របស់ រីជឹស មក​កាន់​ប្រទេស​កម្ពុជា ។
សហគ្រាស ក្រុមហ៊ុន និង​អ្នកជំនាញពាណិជ្ជកម្ម ​​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​ នៅពេល​នេះ​អាច​ទទួល​បានអត្ថ​ប្រយោជន៍ ពី​ការិយាល័យ​ការងារ​ដែល​មានភាព​បត់​បែន​របស់ក្រុមហ៊ុន រីជឹស ​ដែល​មានទីតាំង​សំខាន់ៗចំនួនពីរ​កន្លែង​​ក្នុងរាជធានីភ្នំពេញ ដោយ​ទីតាំង​ទីមួយ​ស្ថិត​នៅ​ឯ​អគារ​ធនាគារ​កាណា​ឌីយ៉ា ។
កោះពេជ្រ កំពុង​ប្រែក្លាយ​ខ្លួន​យ៉ាង​ឆាប់រហ័សទៅ​ជាជម្រើស​មួយទៀតបន្ថែម​លើ​តំបន់​អាជីវកម្ម​ ​ ដែលបានឈរជើង​រឹង​មាំ​ទៅ​ហើយ​នៅ​ក្នុង​រាជធានីភ្នំពេញ ហើយកោះពេជ្រ​ក៏​បាន​ក្លាយជា​មូលដ្ឋាន​សម្រាប់​ស្ថានទូត​ជា​ច្រើន គម្រោង​អាជីវកម្ម សណ្ឋាគារ និង​អាជីវកម្ម​លក់​រាយ​ផ្សេងៗ ។ មជ្ឈមណ្ឌល​ថ្មី​របស់ក្រុមហ៊ុន​ផ្ដល់​នូវការិយាល័យធ្វើការ​ចំនួន ១៩១ កន្លែង ព្រមជាមួយ​នឹង​ជម្រើស​ធ្វើការ​ប្រកប​ដោយភាព​បត់​បែន​​ជា​ច្រើនទៀត សម្រាប់អាជីវកម្ម និង​អ្នកជំនាញ​នានា ។ ជម្រើសទាំងនេះ​រួម​មាន ទីកន្លែងធ្វើការ​រួម សេវា​ការិយាល័យនិម្មិត​ (virtual office) និងបន្ទប់ប្រជុំ ដែល​អាច​កក់​ទុក​ប្រើ​តាម​ម៉ោង​បាន ។
លោក ឡាស៍ វីតធីង បាន​បន្ថែមថា៖ “ក្នុង​នាមជា​ប្រទេស​មានសេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​ សហគ្រាស​របស់​កម្ពុជា ជា​ពិសេស​អាជីវកម្ម​ថ្មី​ ជួប​បញ្ហា​ប្រឈម​ដោយកង្វះ​ដើម​ទុន និង​បណ្ដាញអាជីវកម្ម​សំខាន់ ។ តាមរយៈការ​ផ្ដល់​នូវ​ឱកាស​សម្រាប់​អាជីវកម្ម​បែប​​ទំនើប និងមានការ​អភិវឌ្ឍន៍​​ ដើម្បី​បាន​ប្រតិបត្តិការ​ទៅតាម​ទីកន្លែង និង​ពេល​វេលា​​ដែលខ្លួន​ចង់ ក្រុមហ៊ុន រីជឹស ក៏ជួយ​ដល់​សហគ្រិន​​បង្កើត​បណ្ដាញ ជាមួយ​នឹង​សហគមន៍អាជីវកម្ម​ធំៗ​ក្នុង​ស្រុក និង​នៅលើសកល​លោកថែមទៀត​ផង” ។
មិនថា​អាជីវកម្ម​របស់អ្នកជាអាជីវកម្ម​អន្តរជាតិ ឬ​អាជីវកម្ម​ថ្មីនោះទេ អ្នក​ត្រូវការ​ភាព​បត់​បែន និងភាព​រហ័ស​រហួនជាង​មុន ​ព្រមជាមួយនឹង​ទីតាំង​ត្រឹម​ត្រូវ​​ជាងមុន​ដើម្បី បានទទួល​ជោគជ័យ ។ នៅពេលនេះ​បណ្ដា​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​​អាច​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​ចូលរួម​នៅ​ក្នុង​បណ្ដាញអន្តរជាតិ​របស់យើង ដែល​កំពុង​ប្រើ​ប្រាស់ទីតាំងរបស់​យើង​ប្រមាណ ៣០០០ កន្លែង​​ទូទាំង​សកល​លោក ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print