ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី ២២ វិច្ឆិកា នេះ បានចេញផ្សាយរបាយការណ៍ថ្មី ស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា” ដោយបានវាយតម្លៃថា កម្ពុជាអាចរក្សាបានភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងអត្រា ៦.៨ នៅឆ្នាំ២០១៧ និង ៦.៩% នៅឆ្នាំ២០១៨ ។ ការរក្សាបានភាពរឹងមាំនេះ គឺដោយសារតែការរក្សាបាននូវកំណើននៃការនាំចេញផលិតផលស្បែកជើង គ្រឿងម៉ាស៊ីន អគ្គិសនី បរិក្ខារ និងគ្រឿងបម្លាស់រថយន្តជាដើម។ ប៉ុន្តែទន្ទឹមគ្នានេះ កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធមួយចំនួន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
យោងតាមរបាយការណ៍ “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយ” ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ ធនាគារពិភពលោក (World Bank) បានកត់សំគាល់ឃើញថា ការនាំចេញផលិតផលសម្លៀកបំពាក់និងផលិតផលវាយនភ័ណ្ឌដទៃទៀតមានបរិមាណមធ្យម ក៏ប៉ុន្តែ ទស្សនវិស័យរយៈពេលមធ្យម នៅតែមានភាពវិជ្ជមាន ដោយសារតែកំណើនលើការនាំចេញទំនិញច្រើនប្រភេទ និងលំហូរចូលដ៏ល្អនៃវិនិយោគទុនផ្ទាល់ពីបរទេស។
តាមរយៈរបាយការណ៍នេះ លោកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា កំពុងស្ថិតនៅត្រង់ចំណុចមួយដែលបោះជំហានឈានឡើងក្នុងខ្សែសង្វាក់តម្លៃលើវិស័យកម្មន្តសាលមានការកើនឡើង ដូចជា ពីការកើនឡើងតែផ្នែកកាត់ដេរ មកបង្កើនផ្នែកអគ្គិសនី និងគ្រឿងបម្លាស់យានយន្ត ហើយនោះគឺ ជាការអភិវឌ្ឍមួយ ដែលប្រកបដោយក្តីសង្ឃឹម។ ទោះជាយ៉ាងនេះក្តី ដើម្បីទទួលបានជោគជ័យបន្ថែមទៀត លោកស្រី អ៊ីហ្គូណា ដូប្រាចា បានលើកឡើងថា កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធឲ្យបានកាន់តែស៊ីជម្រៅថែមទៀត ដែលអាចជួយដោះស្រាយទៅនឹងថ្លៃចំណាយខ្ពស់នៃអគ្គិសនី និងភស្តុភារ ព្រមទាំងគម្លាតអ្នកជំនាញជាដើម។
សូមបញ្ជាក់ថា ធនាគារពិភពលោក (World Bank) នៅថ្ងៃទី ២២ វិច្ឆិកា បានសម្ពោធរបាយការណ៍ថ្មីចុងក្រោយ ស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា” ដែលជារបាយការណ៍ប្រចាំឆមាស ដើម្បីផ្តល់ជូននូវព័ត៌មានថ្មីៗទាក់ទងនឹងការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ទាំងរយៈពេលវែង និងរយៈពេលមធ្យម៕
ដោយ៖ សហការី