ធនាគារ​ពិភព​លោក៖ កម្ពុជា​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​រឹង​មាំ និង​បន្ត​បោះ​ជំហាន​ឡើង​លើ​វិស័យ​កម្មន្តសាល

ចែករំលែក៖

ភ្នំពេញ៖  ធនាគារ​ពិភព​លោក (World Bank) នៅ​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី ស្តី​ពី “បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា” ដោយ​បាន​វាយ​តម្លៃ​ថា កម្ពុជា​អាច​រក្សា​បាន​ភាព​រឹង​មាំ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​អត្រា ៦.៨ នៅ​ឆ្នាំ​២០១៧ និង ៦.៩% នៅ​ឆ្នាំ​២០១៨ ។ ការ​រក្សា​បាន​ភាព​រឹង​មាំ​នេះ គឺ​ដោយ​សារ​តែ​ការ​រក្សា​បាន​នូវ​កំណើន​នៃ​ការ​នាំ​ចេញ​ផលិត​ផល​ស្បែក​ជើង គ្រឿង​ម៉ាស៊ីន អគ្គិសនី បរិក្ខារ និង​គ្រឿង​បម្លាស់​រថយន្ត​ជា​ដើម។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ កម្ពុជា​ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​លើ​រចនា​សម្ព័ន្ធ​មួយ​ចំនួន ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត។

យោង​តាម​របាយការណ៍ “បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ចុង​ក្រោយ” ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នេះ ធនាគារ​ពិភព​លោក (World Bank) បាន​កត់​សំគាល់​ឃើញ​ថា ការ​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់​និង​ផលិត​ផល​វាយនភ័ណ្ឌ​ដទៃ​ទៀត​មាន​បរិមាណ​មធ្យម ក៏​ប៉ុន្តែ ទស្សនវិស័យ​រយៈ​ពេល​មធ្យម នៅ​តែ​មាន​ភាព​វិជ្ជមាន ដោយ​សារ​តែ​កំណើន​លើ​ការ​នាំ​ចេញ​ទំនិញ​ច្រើន​ប្រភេទ និង​លំហូរ​ចូល​ដ៏​ល្អ​នៃ​វិនិយោគ​ទុន​ផ្ទាល់​ពី​បរទេស។

តាម​រយៈ​របាយការណ៍​នេះ លោក​ស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) នាយិកា​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ត្រង់​ចំណុច​មួយ​ដែល​បោះ​ជំហាន​ឈាន​ឡើង​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​លើ​វិស័យ​កម្មន្តសាល​មាន​ការ​កើន​ឡើង​ ដូច​ជា ពី​ការ​កើន​ឡើង​តែ​ផ្នែក​កាត់​ដេរ មក​បង្កើន​ផ្នែក​អគ្គិសនី និង​គ្រឿង​បម្លាស់​យាន​យន្ត ហើយ​នោះ​គឺ​ ជា​ការ​អភិវឌ្ឍ​មួយ ដែល​ប្រកប​ដោយ​ក្តី​សង្ឃឹម។ ទោះ​ជា​យ៉ាង​នេះ​ក្តី ដើម្បី​ទទួល​បាន​ជោគ​ជ័យ​បន្ថែម​ទៀត លោក​ស្រី អ៊ីហ្គូណា ដូប្រាចា បាន​លើក​ឡើង​ថា កម្ពុជា​ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​លើ​រចនា​សម្ព័ន្ធ​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត ដែល​អាច​ជួយ​ដោះ​ស្រាយ​ទៅ​នឹង​ថ្លៃ​ចំណាយ​ខ្ពស់​នៃ​អគ្គិសនី និង​ភស្តុភារ ព្រម​ទាំង​គម្លាត​អ្នក​ជំនាញ​ជា​ដើម។

សូម​បញ្ជាក់​ថា ធនាគារ​ពិភព​លោក (World Bank) នៅ​ថ្ងៃ​ទី ២២ វិច្ឆិកា បាន​សម្ពោធ​របាយការណ៍​ថ្មី​ចុង​ក្រោយ ស្តី​ពី​ “បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា” ដែល​ជា​របាយការណ៍​ប្រចាំ​ឆមាស ដើម្បី​ផ្តល់​ជូន​នូវ​ព័ត៌មាន​ថ្មីៗ​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​ម៉ាក្រូ​សេដ្ឋកិច្ច​នៅ​កម្ពុជា ទាំង​រយៈ​ពេល​វែង និង​រយៈ​ពេល​មធ្យម៕

...

 

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print