អាជ្ញាធរពាក់ព័ន្ធ គួរដល់ពេលចាត់ការក្លិបកម្សាន្តយីហោហ្គោល នៅក្រុងកំពង់ចាម ខណៈជំនាញ​​ចុះបង្ក្រាបករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖  បញ្ហាអសន្តិសុខ ការចរាចរថ្នាំញៀន កាន់តែរងលក្ខណៈរសើបបំផុត ពោលគឺសមត្ថកិច្ចងាយនឹងប្រឈមមុខការទទួលខុសត្រូវ សម្រាប់ដែនសមត្ថកិច្ចដែនដី​ខ្លួន​គ្រប់គ្រង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ ភាពសុខសាន្ត ជូនដំណេកប្រជា​ពលរដ្ឋ ស្របតាមទិសស្លោករាជរដ្ឋាភិបាលលើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់​មាន​សុវត្ថិភាព។

ជាក់ស្តែងកន្លងមកជារឿយៗ ប្រជាពលរដ្ឋតែងសង្កេតឃើញបញ្ហាអសន្តិសុខ ផ្តើមចេញ ពីការផឹកស៊ីស្រវឹង ដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ការចរាចរថ្នាំញៀន កើតមានជា ហូរហែនៅក្លិបយីហោហ្គោល ដែលមានទីតាំងស្ថិតនៅភូមិបឹងស្នាយ ឃុំសំបួរមាស ក្រុង កំពង់ចាម ខេត្តកំពង់ចាម​ ។

គួរឱ្យភ័យខ្លាចបំផុត ខណៈបានឃើញសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាបករណីចរាចរ ថ្នាំញៀន ដោយមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយ​កម្លាំង​ជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់​សៀម និងក្រុងកំពង់ចាម ដឹកនាំដោយ​លោក វរសេនីយ៍​ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់​សៀម និង​លោកវរសេនីយ៍​ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប​និងឃាត់ ជនសង្ស័យប្រុស-ស្រី២នាក់ ពីបទជួញដូរដោយខុស​ច្បាប់​នូវសារធាតុ​ញៀន នៅ​ចំណុច ទីតាំងក្លិបកម្សាន្តយីហោ ហ្គោល ខាងលើនេះ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលរងការឃាត់ខ្លួនទាំង២នាក់ ១-ឈ្មោះ ថា ស្រីអែម ភេទស្រី  អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង​២-ឈ្មោះ​ ធន់ ស៊ីថន ភេទប្រុស អាយុ១៩ឆ្នាំ​ ជាតិខ្មែរ នៅភូមិវាលលិច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះកម្លាំងចាប់យកវត្ថុតាង ថ្នាំញៀន១កញ្ចប់តូច និងប្រាក់ញុះញង់ចំនួន៥ដុល្លារ ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ូតូ១គ្រឿង ។

គួររំលឹកថា ក្លិបកម្សាន្តយីហោហ្គោលមួយនេះ ឧស្សាហ៍កើតមានអំពើអសន្តិសុខ ការដេញ កាប់ប្រហារគ្នា ពិសេស​គឺការចរាចរជួញដូរថ្នាំញៀនតែម្តង ។ ដូច្នេះគួរណាស់អាជ្ញាធរ ពាក់ព័ន្ធ បើកបេះដូងយកចិត្តទុកដាក់អនុវត្តតាមយន្តការរាជរដ្ឋាភិបាល គោលនយោបាយ ភូមិ-សង្កាត់មាន​សុវត្ថិភាពផង ជៀសវាងប្រជាពល​រដ្ឋ​សើចចំអក និងទម្លាក់កំហុសដល់​ថ្នាក់ដឹកនាំ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print