ខេត្តកំពង់ចាម ៖ បញ្ហាអសន្តិសុខ ការចរាចរថ្នាំញៀន កាន់តែរងលក្ខណៈរសើបបំផុត ពោលគឺសមត្ថកិច្ចងាយនឹងប្រឈមមុខការទទួលខុសត្រូវ សម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ ភាពសុខសាន្ត ជូនដំណេកប្រជាពលរដ្ឋ ស្របតាមទិសស្លោករាជរដ្ឋាភិបាលលើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ជាក់ស្តែងកន្លងមកជារឿយៗ ប្រជាពលរដ្ឋតែងសង្កេតឃើញបញ្ហាអសន្តិសុខ ផ្តើមចេញ ពីការផឹកស៊ីស្រវឹង ដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ការចរាចរថ្នាំញៀន កើតមានជា ហូរហែនៅក្លិបយីហោហ្គោល ដែលមានទីតាំងស្ថិតនៅភូមិបឹងស្នាយ ឃុំសំបួរមាស ក្រុង កំពង់ចាម ខេត្តកំពង់ចាម ។
គួរឱ្យភ័យខ្លាចបំផុត ខណៈបានឃើញសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាបករណីចរាចរ ថ្នាំញៀន ដោយមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ ជនសង្ស័យប្រុស-ស្រី២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ទីតាំងក្លិបកម្សាន្តយីហោ ហ្គោល ខាងលើនេះ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលរងការឃាត់ខ្លួនទាំង២នាក់ ១-ឈ្មោះ ថា ស្រីអែម ភេទស្រី អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង២-ឈ្មោះ ធន់ ស៊ីថន ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិវាលលិច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះកម្លាំងចាប់យកវត្ថុតាង ថ្នាំញៀន១កញ្ចប់តូច និងប្រាក់ញុះញង់ចំនួន៥ដុល្លារ ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ូតូ១គ្រឿង ។
គួររំលឹកថា ក្លិបកម្សាន្តយីហោហ្គោលមួយនេះ ឧស្សាហ៍កើតមានអំពើអសន្តិសុខ ការដេញ កាប់ប្រហារគ្នា ពិសេសគឺការចរាចរជួញដូរថ្នាំញៀនតែម្តង ។ ដូច្នេះគួរណាស់អាជ្ញាធរ ពាក់ព័ន្ធ បើកបេះដូងយកចិត្តទុកដាក់អនុវត្តតាមយន្តការរាជរដ្ឋាភិបាល គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាពផង ជៀសវាងប្រជាពលរដ្ឋសើចចំអក និងទម្លាក់កំហុសដល់ថ្នាក់ដឹកនាំ ៕ វណ្ណៈ