កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន២០០គ្រាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន២០០គ្រាប់ ត្រូវបានសមត្ថកិច្ចកងរាជ​អាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ខ្លួនបាន និងដកហូត កាលពីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុច​ផ្លូវជាតិលេខ៧អា ស្ថិតក្នុងភូមិរិទ្ធិសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងសែន។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ពៀន បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាកសិករ រស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង។

ប្រភពដដែលបានបន្តថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ខណៈដែលរូបគេកំពុងតែយួរថ្នាំ​ញៀន​ចេញពីព្រៃស្ងាត់ត្រង់ចំណុចដុងក្រឡ ចេញមកផ្លូវជាតិលេខ៧ ស្របពេលដែលកម្លាំងសមត្ថកិច្ចកំពុង​ធ្វើសកម្មភាពល្បាតក្នុងមូលដ្ឋាន មានការសង្ស័យ ហើយដោយសារ​ជនសង្ស័យ​ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចបានតាមដានស៊ើបអង្កេតជាច្រើនខែមកហើយនោះ ក៏សុំពិនិទ្យ​ឆែកឆេរ ទើបប្រទះ​ឃើញថ្នាំញៀន​ចំនួន​២០០គ្រាប់ ក៏ចាប់ខ្លួនបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថ​ក្រុង ដើម្បីសាកសួរ។

ក្រោយពេលសមត្ថកិច្ចសួរនាំរួច ជនសង្ស័យក៏បានសារភាពថា គេបានណាត់ជួបនឹងជន​ជាតិ​ឡាវម្នាក់ ត្រង់ចំណុចព្រៃខាងលើដែលជាព្រៃស្ងាត់។ ពេលនោះជនជាតិឡាវបានប្រគល់ថ្នាំញៀន​មួយកញ្ចប់ ដោយរុំថង់ខ្មៅមកឲ្យគេ។​ បន្ទាប់ពីទទួលបានថ្នាំញៀននោះហើយ គេក៏បែកគ្នាពីជនជាតិ​ឡាវ​នោះ ហើយក៏បានកាន់ថង់នោះដើរមកកាន់ផ្លូវជាតិ បានប្រហែល២០០ម៉ែត្រក៏ត្រូវសមត្ថកិច្ចចាប់​ខ្លួនតែម្ដង។

បន្ទាប់ពីបានសាកសួរជនសង្ស័យរួចរាល់ សមត្ថកិច្ចក៏បានកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យ​មកកាន់សាលសាដំបូងខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥៕ សហការី

...

34

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print