ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន២០០គ្រាប់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ខ្លួនបាន និងដកហូត កាលពីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ៧អា ស្ថិតក្នុងភូមិរិទ្ធិសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងសែន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ពៀន បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាកសិករ រស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង។
ប្រភពដដែលបានបន្តថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ខណៈដែលរូបគេកំពុងតែយួរថ្នាំញៀនចេញពីព្រៃស្ងាត់ត្រង់ចំណុចដុងក្រឡ ចេញមកផ្លូវជាតិលេខ៧ ស្របពេលដែលកម្លាំងសមត្ថកិច្ចកំពុងធ្វើសកម្មភាពល្បាតក្នុងមូលដ្ឋាន មានការសង្ស័យ ហើយដោយសារជនសង្ស័យជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចបានតាមដានស៊ើបអង្កេតជាច្រើនខែមកហើយនោះ ក៏សុំពិនិទ្យឆែកឆេរ ទើបប្រទះឃើញថ្នាំញៀនចំនួន២០០គ្រាប់ ក៏ចាប់ខ្លួនបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថក្រុង ដើម្បីសាកសួរ។
ក្រោយពេលសមត្ថកិច្ចសួរនាំរួច ជនសង្ស័យក៏បានសារភាពថា គេបានណាត់ជួបនឹងជនជាតិឡាវម្នាក់ ត្រង់ចំណុចព្រៃខាងលើដែលជាព្រៃស្ងាត់។ ពេលនោះជនជាតិឡាវបានប្រគល់ថ្នាំញៀនមួយកញ្ចប់ ដោយរុំថង់ខ្មៅមកឲ្យគេ។ បន្ទាប់ពីទទួលបានថ្នាំញៀននោះហើយ គេក៏បែកគ្នាពីជនជាតិឡាវនោះ ហើយក៏បានកាន់ថង់នោះដើរមកកាន់ផ្លូវជាតិ បានប្រហែល២០០ម៉ែត្រក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
បន្ទាប់ពីបានសាកសួរជនសង្ស័យរួចរាល់ សមត្ថកិច្ចក៏បានកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យមកកាន់សាលសាដំបូងខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥៕ សហការី