យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ស្លាប់ និងជាង១០០នាក់ទៀតនៅបាត់ខ្លួននៅឡើយក្រោយហេតុការលិចសាឡាង Mercraft 3 ស្ថិតនៅក្នុងស្រុក Real ក្នុងទីក្រុង Quezon ភាគខាងកើតរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃទី២១ខែធ្នូ។
អ្នកនាំពាក្យកម្លាំងការពារដែនសមុទ្រហ្វីលីពីនលោក Armand balilo បានឲ្យដឹងថា សាឡាងជួបគ្រោះថ្នាក់ស្ថិតនៅតំបន់សមុទ្រ ស្រុង Real ចម្ងាយពីទីក្រុងម៉ានីល៧០គីឡូម៉ែត្រ ដោយសាឡាងនោះធ្វើដំណើរចេញពីកំពុងផែ Dinahican ក្នុងទីក្រុង Quezon ទៅកាន់ កោះ Plolillo ក្នុងអាកាសធាតុមិនអំណោយផងមានខ្យល់ព្យុះ។
លោក Balino បានឲ្យដឹងថា សាឡាង Mercraft 3 ដឹកអ្នកដំណើរ ២៥១នាក់ ហើយមានការអនុញ្ញាត្តិឲ្យដឹកអ្នកដំណើរបានដល់ ២៨៦នាក់។ មន្ត្រីហ្វីលីពីនបញ្ជាក់ថា សាឡាងខាងលើបានលិចនៅវេលាម៉ោង១១ថ្ងៃត្រង់ ហើយពេលនេះមិនអាចបញ្ជាក់ឲ្យបានច្បាស់ពីអ្នកស្លាប់និងរបួស នៅឡើយ ។ អ្នកដំណើរជាច្រើនត្រូវបានជួយសង្គ្រោះ។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានផ្សាយថា មានមនុស្ស ៤នាក់ស្លាប់និងជាង១០០នាក់នៅបាត់ខ្លួននៅឡើយ ក្នុងពេលដែលក្រុមជួយសង្គ្រោះ ជួយបានមនុស្ស១៤០នាក់។ ក្រុមជួយសង្គ្រោះជួបនូវផលលំបាកយ៉ាងខ្លាំងដោយសារតែព្យុះ ។
មន្ត្រី គ្រប់គ្រងគ្រោះអាសន្ន បានបញ្ជាក់ថា សាឡាងជួបគ្រោះថ្នាក់មិនបានដឹកលើសចំណុះនោះឡើយ ដូច្នេះអាកាសធាតុមិនអំណោយផលគឺជាមូលហេតុ បណ្តាលឲ្យជួបគ្រោះថ្នាក់។
ចរាចរណ៍ផ្លូវទឹកមានសារសំខាន់យ៉ាងខ្លាំង នៅប្រទេសហ្វីលីពីន ដែលមានកោះរហូតដល់ទៅ៧០០០កោះមានមនុស្សរស់នៅ ។ប៉ុន្តែការគ្រប់គ្រងចរចារណ៍ផ្លូវទឹកមិនទាន់មានគុណភាពនៅឡើយ តែងតែធ្វើឲ្យមានហេតុការគ្រោះថ្នាក់កើតឡើងជាញឹកញាប់។ គ្រោះថ្នាក់ផ្លូវទឹកអាក្រក់បំផុតនៅក្នុងប្រទេសនេះកើតឡើង នៅឆ្នាំ១៩៨៧ នៅពេលនោះ សាឡាង Dona Paz បុកទៅនឹងនាវាដឹកប្រេង បណ្តាលឲ្យមនុស្សដល់ទៅ ជាង៤០០០នាក់ស្លាប់៕
ដោយ៖ មែវ សាធី