លិចសាឡាងនៅហ្វីលីពីន​បាត់ខ្លួនជាង​១០០នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ស្លាប់ និងជាង​១០០នាក់ទៀតនៅបាត់​ខ្លួននៅឡើយ​ក្រោយហេតុការលិចសាឡាង​ Mercraft 3 ស្ថិតនៅក្នុងស្រុក​ Real ក្នុងទីក្រុង​ Quezon ភាគខាងកើតរដ្ឋធានី​ម៉ានីល​ប្រទេសហ្វីលីពីនកាល​ពីថ្ងៃទី២១ខែធ្នូ។
អ្នកនាំពាក្យកម្លាំងការពារដែនសមុទ្រហ្វីលីពីនលោក​ Armand balilo ​បានឲ្យដឹងថា​ សាឡាងជួបគ្រោះថ្នាក់ស្ថិតនៅ​តំបន់សមុទ្រ ស្រុង​ Real ​ចម្ងាយពីទីក្រុងម៉ានីល​៧០គីឡូម៉ែត្រ ដោយសាឡាងនោះធ្វើដំណើរចេញពីកំពុងផែ Dinahican ​ក្នុងទីក្រុង Quezon ​ទៅកាន់ កោះ Plolillo ​ក្នុងអាកាសធាតុមិនអំណោយផងមានខ្យល់ព្យុះ។

លោក​ Balino ​បានឲ្យដឹងថា សាឡាង​ Mercraft 3 ដឹកអ្នកដំណើរ ២៥១នាក់​ ហើយមានការអនុញ្ញាត្តិឲ្យដឹកអ្នកដំណើរបានដល់ ២៨៦នាក់​។ មន្ត្រីហ្វីលីពីនបញ្ជាក់ថា​ សាឡាងខាងលើបានលិចនៅវេលាម៉ោង​១១ថ្ងៃត្រង់ ហើយពេលនេះមិនអាចបញ្ជាក់ឲ្យបានច្បាស់ពីអ្នកស្លាប់និងរបួស នៅឡើយ ។​ អ្នកដំណើរជាច្រើនត្រូវបានជួយសង្គ្រោះ​។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់​បានផ្សាយថា មានមនុស្ស ៤នាក់ស្លាប់​និងជាង​១០០នាក់នៅបាត់ខ្លួននៅឡើយ ក្នុងពេលដែលក្រុមជួយសង្គ្រោះ ជួយបានមនុស្ស​១៤០នាក់។ ក្រុមជួយសង្គ្រោះជួបនូវផលលំបាកយ៉ាងខ្លាំង​ដោយសារតែ​ព្យុះ ។
មន្ត្រី គ្រប់គ្រងគ្រោះអាសន្ន បានបញ្ជាក់ថា សាឡាងជួបគ្រោះថ្នាក់មិនបានដឹកលើសចំណុះនោះឡើយ ដូច្នេះអាកាសធាតុ​មិនអំណោយផលគឺជាមូលហេតុ បណ្តាលឲ្យជួបគ្រោះថ្នាក់។

ចរាចរណ៍ផ្លូវទឹកមានសារសំខាន់យ៉ាងខ្លាំង នៅប្រទេសហ្វីលីពីន ដែលមានកោះរហូតដល់ទៅ​៧០០០កោះ​មានមនុស្សរស់នៅ​ ។ប៉ុន្តែការគ្រប់គ្រង​ចរចារណ៍ផ្លូវទឹក​មិនទាន់មានគុណភាពនៅឡើយ តែងតែធ្វើឲ្យមានហេតុការគ្រោះថ្នាក់កើតឡើងជាញឹកញាប់។ គ្រោះថ្នាក់​ផ្លូវទឹកអាក្រក់បំផុតនៅក្នុងប្រទេសនេះកើតឡើង នៅឆ្នាំ​១៩៨៧ នៅពេលនោះ សាឡាង Dona Paz បុកទៅនឹងនាវាដឹកប្រេង បណ្តាលឲ្យមនុស្សដល់ទៅ ជាង​៤០០០នាក់ស្លាប់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print