រុស្ស៊ីចោទប្រកាន់ប្រទេសលោកខាងលិច និង មជ្ឈឹមបូព៌ ហ្វឹកហាត់ដល់មេដឹកនាំក្រុមភេរវកម្ម​ IS

ចែករំលែក៖

អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ឧត្តមសេនី​ Valery Gerasimov បានចោទប្រកាន់ប្រទេសលោកខាងលិច និងតំបន់មជ្ឈឹមបូព៌ា ជាអ្នកហ្វឹកហាត់ដល់មេដឹកនាំក្រុមភេរវកម្ម IS ។
សារព័ត៌មាន​ Spuniknews កាលពីថ្ងៃទី ២៧ខែធ្នូ បានដកស្រង់ការប្រកាសរបស់មេបញ្ជាការកងទ័ពរុស្ស៊ីបញ្ជាក់ថា «ចាប់តាំង ពីព្រឹត្តិការណ៍ស៊ីរី​ ចាប់ផ្តើម ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយ ឃើញមានចំណុចខុសប្រក្រតី នៅក្នុងយុទ្ធសាស្ត្ររបស់ក្រុម ភេរវកម្ម ។ក្រៅពីការវាយប្រហារភែរវកម្ម ក្រុមIS ក៏បានប្រើប្រាស់យុទ្ធសាស្ត្រ សង្គ្រាមយ៉ាងស្ទាត់ជំនាញ​។​
មេដឹកនាំក្រុមភេរវកម្មទទួលបានការហ្វឹកហាត់ជាពិសេស ពីប្រទេស លោកខាងលិចណិងតំបន់មជ្ឈឹមបូព៌ា​។
លោក Valery Gerasimov បានបញ្ជាក់ទៀតថា នៅក្នុងសមរភូមិ​ ក្រុមភេរវកម្មដណ្តើមបាន អាវុធជាច្រើនពីកម្លាំងទាហានអីរ៉ាក់ និងស៊ីរី ក្នុងនោះមានទាំង រថក្រោះ​និងរថពាសដែក១៥០០គ្រឿង កាំភ្លើង ធំនិងកាំភ្លើងត្បាល់ ១២០០ដើម ។ លោកបន្តទៀតថាសកម្មភាពរបស់ក្រុម​ IS គឺជាកម្លាំងស្ទាត់ជំនាញនៅក្នុងការធ្វើសង្គ្រាម។
ក្រៅពីនេះ ឧត្តមសេនី​យ៍ Valery Gerasimov ​ក៏បានបញ្ជាក់ថា កម្លាំងទាហានសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក មិនមានបំណងកម្ចាត់ក្រុមភេរវកម្ម​ IS នោះឡើយ​។ លោកបន្តទៀតថា ជារៀងរាល់ថ្ងៃកម្លាំងទាហានរុស្ស៊ី បានបើកការវាយប្រហារតាមដែនអាកាស ប្រមាណ​៦០ទៅ​៧០ ករណី ថ្ងៃខ្លះ​វាយប្រហាររហូតដល់ទៅ​១២០-១៤០លើក នៅពេលដែលមានភាពតានតឹង។ចំណែកម្លាំងទាហានអាមេរិនិងសម្ព័ន្ធមិត្តបើកការវាយប្រហារតែ ៨ទៅ​១០លើក​ក្នុងមួយថ្ងៃ។ លោកបានចោទប្រកាន់ គោលដៅរបស់ទាហានអាមេរិក មិនសម្តៅទៅលើទាហានក្រុម​ IS នោះឡើយ គឺសម្តៅទៅលើ រដ្ឋាភិបាលរបស់លោកអាលអាសាដ។
លោក​ Valery Gerasimov បញ្ជាក់ទៀតថា កម្លាំងទាហានស៊ីរី បានឡោមព័ទ្ធទីតាំង យោធារបស់អាមេរិក នៅក្នុងតំបន់​ At Tanf ​ដោយសារតែ បានឃើញ ក្រុមភេរវកម្មធ្វើដំណើរនៅទីនោះ។ នៅពេលឡោមព័ទ្ធ មាន ទាហានក្រុមIS ប្រមាណ​៣៥០នាក់ចាកចេញពីទីនោះ ។ មេបញ្ជាការកងទ័ពរុស្ស៊ី បានបញ្ជាក់ថា មានទីតាំងហ្វឹកហាត់ផ្សេងទៀត នៅ​តំបន់​ Sahddadi ភាគខាងជើងប្រទេសស៊ីរី ។
តាមការបញ្ជាក់របស់កម្លាំងទាហានស៊ីរី​បានបញ្ជាក់ថា ទាហានរុស្ស៊ីបានធ្វើសង្គ្រាមប្រឆាំងនិងក្រុមភេរវកម្មប្រមាណ​៧មឺននាក់ ហើយមកទលពេលនេះបានសម្លាប់អស់ប្រមាណជង ៦មុឺននាក់ ។ លោក​ Valery Gerasimov បញ្ជាក់ទៀតថា គោលដៅ​នៅក្នុងប្រទេសស៊ីរី នាឆ្នាំ​២០១៨ខាងមុខគឺ កម្ចាត់ក្រុមភេរវកម្ម IS ឲ្យអស់។
ពាក់ព័ន្ធនិងស្ថានភាពនៅក្នុងប្រទេសស៊ីរីនេះដែរក្នុង​ចំណោម​មនុស្ស​១៣លាននាក់​នៅស៊ីរី ដែលត្រូវការ​ជំនួយ​មនុស្សធម៌ មាន​មនុស្ស​ប្រហែល​៣លាននាក់ ដែល​បាន​ទទួល​ជំនួយពី​អង្គការ​សហប្រជាជាតិ​​​ និងអង្គការ​ក្រៅរដ្ឋាភិបាល​ដែល​​បំពេញ​បេសកកម្ម​ជួយ​ប្រជាជន​តាម​តំបន់​ក្រុមឧទ្ទាម​ស៊ីរី។ ​សេចក្តីសម្រេច​ពន្យារ​ពេល​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​តំបន់​ក្រុមឧទ្ទាម​ស៊ីរី ​ត្រូវបាន​ក្រុមប្រឹក្សាស​ន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​ ​១២សម្លេង ទល់​នឹង​​អនុប្បវាទ​៣សម្លេង គឺ​អនុប្បវាទ​របស់​រុស្ស៊ី ចិន និង​បូលីវី ប៉ុន្តែ គ្មានវេតូជំទាស់​ទេ។​ ការដឺកស្បៀង​ទៅជួយ​ប្រជាជន​នៅ​តំបន់​ក្រុមឧទ្ទាម​នឹងពន្យារ​ថែម​១ឆ្នាំ ​រហូត​ដល់​ថ្ងៃ​១០មករា ​ឆ្នាំ​២០១៩។​
រុស្ស៊ី​ជាដៃគូ​របស់​រដ្ឋាភិបាល​ស៊ីរី​ ប្រាប់ថា គ្មានបំណងបង្អាក់​ដំណើរការ​ដឹកស្បៀង​មនុស្សធម៌​ស៊ីរី​ទេ គ្រាន់តែ​ជំទាស់​ការពន្យារ​បែប​បច្ចេកទេស​ នៃសេចក្តីសម្រេច​ប៉ុណ្ណោះ។ រុស្ស៊ី​ទាមទារ​អោយ​​ពង្រឹង​​ការត្រួតពិនិត្យ​ការ​ដឹកស្បៀង​ទាំងនោះ ដើម្បី​ចៀស​កុំអោយ​មាន​​ការ​​​លួចលាក់​ដឹកអាវុធ​​​ ដើម្បី​លក់​ក្នុង​ទីផ្សារ​ងងឹត។ ​
សេចក្តីសម្រេចពន្យារ​ពេល​ដឹកជំនួយ​មនុស្សធម៌​​នេះ​ ស្នើ​​ដោយជប៉ុន ​​អេហ្ស៊ីប និង​ស៊ុយអែត ជា​សំណើ​សុំអោយ​រដ្ឋាភិបាល​ស៊ីរី​ផ្តល់ចម្លើយ​អោ​យឆាប់រហ័ស​ដល់​ការស្នើផ្សេងៗ​របស់​អង្គការ​សហប្រជាជាតិ ហើយ​បើអាច រដ្ឋាភិបាល​ស៊ីរី​គួរតែ​ផ្តល់​ចម្លើយជា​​វិជ្ជមាន។ ​សេចក្តីសម្រេច​គូសបញ្ជាក់​ផងដែរ​ថា ស្ថានការណ៍​ស៊ីរី​នៅតែ​បន្ត​ធ្លាក់​ដុនដាប ព្រោះ​ស៊ីរី​នៅ​មិនទាន់​រក​បាន​ដំណោះស្រាយ​នយោបាយ​នៅឡើយ។ ​កិច្ចពិភាក្សាសន្តិភាពក្រុងហ្សឺណែវ​ រវាង​រដ្ឋាភិបាល​ និង​ក្រុមឧទ្ទាម​ស៊ីរី ​​ជុំទី៨ហើយ​ ក៏​នៅតែ​មិនផ្តល់​លទ្ធផល​អ្វី​យកជាការ​បាន។ អង្គការ​សហប្រជាជាតិ​នឹងស្នើ​ប្រតិទិន​មួយ សម្រាប់​ការបោះឆ្នោត​ ​​ទៅអោយ​គ្រប់ភាគី​ក្នុង​ជម្លោះ​ស៊ីរី។ អង្គការ​សហប្រជាជាតិ​ក៏​នឹង​ស្នើ​និតិវិធី​កំណែទម្រង់ផ្សេងៗ​ដល់​ពួកគេ​ផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print