ភ្នំពេញ៖ មជ្ឈដ្ឋានអ្នកច្បាប់ ចង់ឃើញលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ រកប្រភពអាវុធរបស់មេធាវី អ៊ិត ពិសិដ្ឋរង្សី ដែលទំនងអាចជាអាវុធខុសច្បាប់ អាចទិញនៅទីផ្សារងងឹត។ តាមក្រមនីតិវិធីព្រហ្មទណ្ឌ ចៅក្រមស៊ើបសួរមានសមត្ថកិច្ចស៊ើបសួរទាំងដោះបន្ទុកនិងដាក់បន្ទុក ដើម្បីរកភាពយុត្តិធម៌ក្នុងសំណុំរឿងនីមួយៗ។
លិខិតចេញដោយនាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ គឺ អនុញ្ញាតឱ្យមេធាវី អ៊ិត ពិសិដ្ឋរង្សី ប្រើប្រាស់អាវុធម៉ាក GLOCK លេខ ACML763 គ្រាប់ចំនួន៣០គ្រាប់ ផលិតនៅ USA ។ លិខិតនេះចេញនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ និង ផុតកំណត់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបឱ្យដឹងថា ៖ ទោះបីជាក្រសួងមហាផ្ទៃអនុញ្ញាតឱ្យមេធាវី អ៊ិត ពិសិដ្ឋរង្សី ប្រើប្រាស់អាវុធក្តី តែអាវុធនេះមេធាវី អ៊ិត ពិសិដ្ឋរង្សី ត្រូវរកទិញដោយខ្លួនឯង ពោលគឺគ្មានអង្គភាពណាមួយ ដូចជាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ … បំពាក់ឱ្យនោះទេ ។
មជ្ឈដ្ឋានអ្នកច្បាប់នៅតែមានចម្ងល់ និង ចង់ឃើញលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូរាជធានីភ្នំពេញ រកប្រភពនៃអាវុធ ដែលទំនងអាចជាអាវុធខុសច្បាប់ដែលទិញនៅទីផ្សារងងឹត។ បើតាមប្រភពគួរអោយជឿទុកចិត្តបាន ទម្លាយថា៖ អាវុធដែលមេធាវីអ៊ិត ពិសិដ្ឋរង្សី ប្រើប្រាស់និងបាញ់មនុស្សបណ្តាលអោយមានរបួស គឺបានមកពីមនុស្សម្នាក់ប្រកបវិជ្ជាជីវៈមេធាវីដូចគ្នា ជាអ្នកចាត់ចែងអោយមានអំពើជួញដូរអាវុធនេះកើតឡើង និងស្គាល់អត្តសញ្ញាណច្បាស់ ប៉ុន្តែសុំលាក់មិនបញ្ចេញឈ្មោះសិន។
គួររំលឹកថា លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ សម្រេចឃុំខ្លួនមេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការស៊ើបសួរបន្តទៀត ។ ប៉ុន្តែក្រោយមក បានប្តូរមកពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី វិញ ។
ការឃុំខ្លួននេះ បន្ទាប់ពីមេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី ត្រូវបានព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន ចោទប្រកាន់ពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ”។
មេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី ត្រូវបានឃាត់ខ្លួនផ្លូវការក្រោយបាញ់យុវជនម្នាក់ឱ្យរបួសនិងគំរាមបាញ់យុវជនម្នាក់ទៀត ដែលជាការគំរាមកំហែងអាយុជីវិត។ អំពើល្មើសនេះ ទំនងកើតចេញពីភាពស្រវឹង និង ចរិតក្រអឺតក្រទម កោងកាច ដែលមិត្តភក្តិជនសង្ស័យលួចបង្ហើបប្រាប់ ។ មជ្ឈដ្ឋានមួយចំនួន សង្ឃឹមថា វប្បធម៌និទណ្ឌភាពឬភាពគ្មានទោសចំពោះជនល្មើសដែលប្រព្រឹត្ត គួរបញ្ឈប់ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា ។
ហេតុការណ៍បាញ់យ៉ាងគឃ្លើននេះ កើតឡើងកាលពីវេលាម៉ោង២២៖៣០ ថ្ងៃទី១៨ ខែធ្នូ នៅជិតភូមិគ្រឹះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្លូវលេខ២១១កែងផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ក្រោយហេតុការណ៍បាញ់នេះ ជនរងគ្រោះពីរនាក់ជានិស្សិតសាលាច្បាប់ បានដាក់បណ្តឹងប្តឹងជនសង្ស័យ អ៊ិត ពិសិដ្ឋរង្ស៊ី ដែលធ្វើឱ្យពួកគេរបួស និង រងការគំរាមកំហែងដល់អាយុជីវិត ។
របាយការណ៍នគរបាល បង្ហាញថា ជនសង្ស័យចេញពីហូបការគេនៅវិមានចរណៃ រួចជួបជុំមិត្តភក្តិហូបបន្តនៅចំណុចកើតហេតុ ។ ពេលហូបនោះ មានការទាស់សម្តីគ្នា ទើបជនសង្ស័យចូលក្នុងរថយន្ត យកកាំភ្លើងម៉ាកទំនើបបាញ់ជនរងគ្រោះឈ្មោះ លី តុលា បណ្តាលឱ្យរបួសជើងខាងស្តាំនិងបន្តយកកាំភ្លើងភ្ជង់គំរាមជនរងគ្រោះម្នាក់ទៀតឈ្មោះ ខុន បញ្ញាសិទ្ធិ ។
អ្វីជាការកត់សម្គាល់ គឺ នៅពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ មេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី បោះពាក្យសម្តីយ៉ាងព្រហើនថា “គេចង់បាញ់ប៉ុន្មានគ្រាប់ទៀត ក៏គ្មានបញ្ហាដែរ “។
ការប្រព្រឹត្តរបស់មេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី បានប៉ះពាល់យ៉ាងខ្លាំងក្លាដល់វិជ្ជាជីវៈមេធាវី តែទោះបីយ៉ាងណា នៅថ្ងៃទី១៩ ខែធ្នូ នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកមេធាវី យឹម សារី អ្នកនាំពាក្យគណៈមេធាវី បានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។
រាជរដ្ឋាភិបាលកម្ពុជា ខិតខំយ៉ាងខ្លាំងចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះ ។ ប៉ុន្តែដោយសារជនឱកាសនិយមមួយចំនួន តែងតែឆ្លៀតយកតួនាទីប្រព្រឹត្តបទល្មើស ពិសេសការបាញ់បោះសេរី ដែលបង្កភាពអសន្តិសុខក្នុងសង្គម។ មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា ស្ថាប័នមានសមត្ថកិច្ច ពិសេសតុលាការអនុវត្តច្បាប់ដោយត្រឹមត្រូវ ពុំត្រូវរងសម្ពាធណាមួយឡើយចំពោះសំណុំរឿងមួយនេះ ក្នុងនោះតំណាក់ឃាត់ខ្លួនជនសង្ស័យដោយមន្ត្រីនគរបាលយុត្តិធម៍ បញ្ហានេះនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នេត សាវឿង ក៏បានបញ្ជាអោយអនុវត្តតាមច្បាប់ដោយគ្មានការលើកលែង ៕
ដោយ៖ ចេស្តា