សារព័ត៌មាន AFP បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអីស្រាអែល លោក Tzipi hotovely បានបញ្ជាក់ថា «យើងកំពុងតែ ទំនាក់ទំនងជាមួយប្រទេស ចំនួន១០ដែលជាសម្ព័ន្ធមិត្តរបស់អីស្រាអែល ក្នុងការផ្លាស់ប្តូរស្ថានទូតទៅកាន់តំបន់ជេរ៉ូសាឡឹមវិញបន្ទាប់ពីអាមេរិក និង Guatemala បានប្រកាសដើរតាមអាមេរិកប្តូរស្ថានទូតទៅទីនោះដែរ។
អុីស្រាអែលបានបញ្ជាក់ថា បានទំនាក់ទំនងជាមួយប្រទេស ចំនួន១០ដែលអាចប្តូរទីតាំងស្ថានទូតរបស់ខ្លួននៅកាន់តំបន់ជេរ៉ូសាឡឹម ក្នុងពេលដែល ប្រទេស ហ្គេតេម៉ាឡា បានក្លាយជាប្រទេសទីមួយដើរតាមអាមេរិកទទួលស្គាល់តំបន់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អីស្រាអែល។ក្នុងចំណោមប្រទេសដែលអីស្រាអែល បានស្នើរ ប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី។
ការទទួលស្គាល់តំបន់ជេរ៉ូសាឡឹម ជារដ្ឋធានីរបស់អីស្រាអែលទទួលរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។
កន្លងមកថ្មីៗអង្គការសហប្រជាជាតិ បានសម្រេចបោះឆ្នោតស្នើរឲ្យអាមេរិកដកសេចក្តីប្រកាសខាងលើមកវិញ។ អីស្រាអែលគ្រប់គ្រង តំបន់ជេរ៉ូសាឡឹភាគខាងកើត តាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលនេះ សហគមន៍អន្តរជាតិ មិនទទួលស្គាល់ជារដ្ឋធានីរបស់អីស្រាអែលឡើយ ។
សហរដ្ឋអាមេរិក ទើបតែឆ្លងកាត់ទិវាទដ៏អាម៉ាសបំផុត បន្ទាប់ពីត្រូវបានអង្គការសហប្រជាជាតិបោះឆ្នោតអនុម័ត សេចក្តីសម្រេចចិត្តមួយ ដែលមានខ្លឹមសារថ្កោលទោសយ៉ាងធ្ងន់ធ្ងរ មកលើខ្លួន។ ការបោះឆ្នោតធ្វើសេចក្តីសម្រេចិត្ត ថ្កោលទោសសហរដ្ឋអាមេរិកនេះ គឺបន្ទាប់ពីលោកដូណាល់ ត្រាំ បានសម្រេចទទួលស្គាល់ ក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីថ្ងៃទី៦ធ្នូកន្លងទៅ។
លទ្ធផលឆ្នោត បង្ហាញថាប្រទេស១២៨ ក្នុងចំណោមនោះមានមហាអំណាចធំៗនៅអឺរ៉ុប ដូចជាបារាំង និងអង់គ្លេស បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តនេះ។ ចំណែកអ្នកដែលបានបោះឆ្នោតប្រឆាំង មាន៩ប្រទេស ក្នុងនោះ គឺមានជាអាទិ៍ សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ និងអ៊ីស្រាអែល។ ចំណែក ប្រទេស៣៥ផ្សេងទៀត មានដូចជាកាណាដា មិចស៊ិក ប៉ូឡូញ ហុងគ្រី ជាដើម បានបោះឆ្នោតអនុបវាទ។
នៅចំពោះមុខអង្គសន្និបាទ អង្គការសហប្រជាជាតិ ក្រោយប្រកាសលទ្ធផលឆ្នោត លោកស្រី Nikki Haley អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានថ្លែងអរគុណ ប្រទេសទាំង៦៥ ដែលមិនបានបោះឆ្នោតគាំទ្រ ហើយលោកស្រី បានទាំងសន្យាថា នឹងកត់ឈ្មោះប្រទេសដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តនេះ ទុកទាំងអស់ ។ ប្រមុខការទូតអាមេរិករូបនេះ បានថ្លែងថា ៖ “សហរដ្ឋអាមេរិក នឹងចងចាំថ្ងៃនេះជាប់ជានិច្ច ថា អង្គការសហប្រជាជាតិ ដែលអាមេរិកតែងតែផ្តល់វិភាគទានឲ្យច្រើនជាងគេ បានធ្វើសេចក្តីសម្រេចចិត្ត ថ្កោលទោសសហរដ្ឋអាមេរិក”។
ដោយឡែក នៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ លោកដូណាល់ ត្រាំ បានសរសេរសារ លើទំព័រTwitter ថា៖ “អង្គការសហប្រជាជាតិយកលុយអាមេរិកទៅចាយ មួយឆ្នាំៗរាប់រយលានដុល្លារ តែបែជាបោះឆ្នោតស្តីបន្ទោសអាមេរិកទៅវិញ”។ លោកត្រាំគំរាមថា៖ “ចង់ថ្កោលទោសអីក៏ថ្កោលចុះ តែចាប់ពីពេលនេះទៅ អាមេរិក នឹងសន្សំលុយទុកវិញប្រសើរជាង”។
គួរបញ្ជាក់ថាខ្លឹមសារជារួម នៃសេចក្តីសម្រេចចិត្តនេះ គឺបានថ្កោលទោស ដល់ការទទួលស្គាល់ក្រុងហ្សេរុយសាឡឹម ពីសំណាក់រដ្ឋាភិបាលអាមេរិក។ សម្រាប់អង្គការសហប្រជាជាតិ លក្ខខន្តិកៈនៃក្រុងហ្សេរុយសាឡឹម ត្រូវតែឆ្លងកាត់ការចរចាសន្តិភាព ទ្វេរភាគី រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ទើបជារឿងយុត្តិធម៌ និងមានសមភាព។
លោកប្រធានាធិបតីតួកគី បានចេញមុខមកអំពាវនាវថា កុំឲ្យសហគមន៍អន្តរជាតិ ខ្លាចរអានឹងអំណាចទឹកលុយដុល្លារ របស់សហរដ្ឋអាមេរិកឲ្យសោះ។ រីឯលោក Mahmoud Abbas ប្រមុខដឹកនាំប៉ាឡេស្ទីន បានអបអរនឹងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនេះ បើទោះបីជាវាគ្មានកម្លាំងគតិយុត្តិចាប់បង្ខំក៏ដោយ។ តែយ៉ាងណា វាបង្ហាញថា សហគមន៍អន្តរជាតិ បានយល់ បានដឹង បានឮពីការតស៊ូស្វែងរកយុត្តិធម៌ របស់ប្រជាជនប៉ាឡេស្ទីន៕