អ្នកច្បាប់ចង់ឃើញចៅក្រមស៊ើបសួរ​ រកប្រភពអាវុធរបស់មេធាវី​ អ៊ិត​ ពិសិដ្ឋរង្សី បានមកពីប្រភពណា ទិញឬអង្គភាពប្រគល់ឲ្យប្រើ

ចែករំលែក៖

ភ្នំពេញ៖ ​មជ្ឈដ្ឋានអ្នកច្បាប់​ ចង់ឃើញលោក​ ថាន់​ ឡេង​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ រកប្រភពអាវុធរបស់មេធាវី​ អ៊ិត​ ពិសិដ្ឋរង្សី​​ ដែលទំនងអាចជាអាវុធខុសច្បាប់ អាចទិញនៅទីផ្សារងងឹត។​ តាមក្រមនីតិវិធីព្រហ្មទណ្ឌ​ ចៅក្រមស៊ើបសួរ​មានសមត្ថកិច្ចស៊ើបសួរទាំងដោះបន្ទុកនិងដាក់បន្ទុក​ ដើម្បីរកភាពយុត្តិធម៌ក្នុងសំណុំរឿងនីមួយៗ។

លិខិតចេញដោយនាយឧត្តមសេនីយ៍​ សួស​ អង្គារ៍​ អគ្គស្នងការរងនគរបាលជាតិ​ គឺ​ អនុញ្ញាតឱ្យមេធាវី អ៊ិត​ ពិសិដ្ឋរង្សី​ ប្រើប្រាស់អាវុធម៉ាក​ GLOCK លេខ​ ACML763 គ្រាប់ចំនួន៣០គ្រាប់​ ផលិតនៅ​ USA ។​ លិខិតនេះចេញនៅថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ និង​ ផុតកំណត់ថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ។

ប្រភពព័ត៌មានច្បាស់ការណ៍​ បង្ហើបឱ្យដឹងថា​ ៖ ទោះបីជា​ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យមេធាវី​ អ៊ិត​ ពិសិដ្ឋរង្សី​ ប្រើប្រាស់អាវុធក្តី​ តែអាវុធនេះមេធាវី​ អ៊ិត​ ពិសិដ្ឋរង្សី​ ត្រូវរកទិញដោយខ្លួនឯង​ ពោលគឺគ្មានអង្គភាពណាមួយ​ ដូចជាក្រសួងមហាផ្ទៃ​ ក្រសួងការពារជាតិ​ …​ បំពាក់ឱ្យនោះទេ​ ។

មជ្ឈដ្ឋានអ្នកច្បាប់នៅតែមានចម្ងល់​ និង​ ចង់ឃើញលោក​ ថាន់​ ឡេង​ ចៅក្រមស៊ើបសួរសាលាដំបូរាជធានីភ្នំពេញ​ រកប្រភពនៃអាវុធ​ ដែលទំនងអាចជាអាវុធខុសច្បាប់ដែលទិញនៅទីផ្សារងងឹត។ បើតាមប្រភពគួរអោយជឿទុកចិត្តបាន ទម្លាយថា៖ អាវុធដែលមេធាវីអ៊ិត​ ពិសិដ្ឋរង្សី​ ប្រើប្រាស់និងបាញ់មនុស្សបណ្តាលអោយមានរបួស គឺបានមកពីមនុស្សម្នាក់ប្រកបវិជ្ជាជីវៈមេធាវីដូចគ្នា ជាអ្នកចាត់ចែងអោយមានអំពើជួញដូរអាវុធនេះកើតឡើង និងស្គាល់អត្តសញ្ញាណច្បាស់ ប៉ុន្តែសុំលាក់មិនបញ្ចេញឈ្មោះសិន។

គួររំលឹកថា​ លោក​ ថាន់​ ឡេង​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០១៧​ សម្រេចឃុំខ្លួនមេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ដាក់ពន្ធនាគារព្រៃស​ ដើម្បីរង់ចាំការស៊ើបសួរបន្តទៀត​ ។​ ប៉ុន្តែក្រោយមក​ បានប្តូរមកពន្ធនាគាររាជធានីភ្នំពេញ​ ឬ​ ប៉េហ្ស៊ី​ វិញ​ ។

ការឃុំខ្លួននេះ​ បន្ទាប់ពីមេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ត្រូវបានព្រះរាជអាជ្ញារង​ សឿន​ មុនីរ័ត្ន​ ចោទប្រកាន់ពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​”​តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ”។

​មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ត្រូវ​បានឃាត់ខ្លួនផ្លូវការ​ក្រោយបាញ់យុវជនម្នាក់ឱ្យរបួសនិងគំរាមបាញ់យុវជនម្នាក់ទៀត​ ដែលជាការគំរាមកំហែងអាយុជីវិត។​ អំពើល្មើសនេះ​ ទំនងកើតចេញពីភាពស្រវឹង​ និង​ ចរិតក្រអឺតក្រទម​ កោងកាច​ ដែលមិត្តភក្តិជនសង្ស័យលួចបង្ហើបប្រាប់​ ។​ មជ្ឈដ្ឋានមួយចំនួន​ សង្ឃឹមថា​ វប្បធម៌និទណ្ឌភាពឬ​ភាពគ្មានទោសចំពោះជនល្មើសដែលប្រព្រឹត្ត​ គួរបញ្ឈប់​ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា​ ។

ហេតុការណ៍បាញ់យ៉ាងគឃ្លើននេះ​ កើតឡើងកាលពីវេលាម៉ោង២២៖៣០​ ថ្ងៃទី១៨​ ខែធ្នូ​ នៅជិតភូមិគ្រឹះ​នាយឧត្តមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ផ្លូវលេខ២១១កែងផ្លូវលេខ២១៧​ ភូមិ៧​ សង្កាត់វាលវង់​ ខណ្ឌ៧មករា​ ។​

ក្រោយហេតុការណ៍បាញ់នេះ​ ជនរងគ្រោះពីរនាក់ជានិស្សិតសាលាច្បាប់​ បានដាក់បណ្តឹងប្តឹងជនសង្ស័យ​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ដែលធ្វើឱ្យពួកគេរបួស​ និង​ រងការគំរាមកំហែងដល់អាយុជីវិត​ ។

របាយការណ៍នគរបាល​ បង្ហាញថា​ ជនសង្ស័យចេញពីហូបការគេនៅវិមានចរណៃ​ រួចជួបជុំមិត្តភក្តិហូបបន្តនៅចំណុចកើតហេតុ​ ។​ ពេលហូបនោះ​ មានការទាស់សម្តីគ្នា​ ទើបជនសង្ស័យចូលក្នុងរថយន្ត​ យកកាំភ្លើងម៉ាកទំនើបបាញ់ជនរងគ្រោះឈ្មោះ​ លី​ តុលា​ បណ្តាលឱ្យរបួសជើងខាងស្តាំនិងបន្តយកកាំភ្លើងភ្ជង់គំរាមជនរងគ្រោះម្នាក់ទៀតឈ្មោះ​ ខុន​ បញ្ញាសិទ្ធិ​ ។

អ្វីជាការកត់សម្គាល់​ គឺ​ នៅពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ​ មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ បោះពាក្យសម្តីយ៉ាងព្រហើនថា​ “គេចង់បាញ់ប៉ុន្មានគ្រាប់ទៀត​ ក៏គ្មានបញ្ហាដែរ​ “។

ការប្រព្រឹត្តរបស់មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ បានប៉ះពាល់យ៉ាងខ្លាំងក្លាដល់វិជ្ជាជីវៈមេធាវី​ តែទោះបីយ៉ាងណា​ នៅថ្ងៃទី១៩​ ខែធ្នូ​ នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកមេធាវី​ យឹម​ សារី​ អ្នកនាំពាក្យគណៈមេធាវី​ បានទេ​ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល​ ។​

រាជរដ្ឋាភិបាលកម្ពុជា​ ខិតខំយ៉ាងខ្លាំងចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះ​ ។​ ប៉ុន្តែដោយសារជនឱកាសនិយមមួយចំនួន​ តែងតែឆ្លៀតយកតួនាទីប្រព្រឹត្តបទល្មើស​ ពិសេសការបាញ់បោះសេរី​ ដែលបង្កភាពអសន្តិសុខ​ក្នុងសង្គម។​ មជ្ឈដ្ឋាន​ជាច្រើន​ សង្ឃឹមថា​ ស្ថាប័នមានសមត្ថកិច្ច​ ពិសេសតុលាការអនុវត្តច្បាប់ដោយត្រឹមត្រូវ​ ពុំត្រូវរងសម្ពាធណាមួយឡើយ​ចំពោះសំណុំរឿងមួយនេះ ក្នុងនោះតំណាក់ឃាត់ខ្លួនជនសង្ស័យដោយមន្ត្រីនគរបាលយុត្តិធម៍ បញ្ហានេះនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នេត សាវឿង ក៏បានបញ្ជាអោយអនុវត្តតាមច្បាប់ដោយគ្មានការលើកលែង ៕​

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print