ខេត្តបាត់ដំបង៖ ក្មេងទំនើងញៀនថ្នាំចំនួន១៨នាក់ជិះម៉ូតូ៨គ្រឿងបើកអុកឡុកបង្កឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅយប់ថ្ងៃដំបូងនៃពិធីបុណ្យអ៊ុំទូកនៅខេត្តបាត់ដំបង ត្រូវបានកម្លាំង នគរបាលបង្ការបង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ។
កម្លាំងនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនក្មេងទំនើងទាំង១៨នាក់និងម៉ូតូ ៨គ្រឿងធ្វើឡើងកាលពីយប់អធ្រាត្រឈានចូលដល់ថ្ងៃទី២៧ ខែតុលា ឆ្នា២០១៥ ខណៈដែលក្មេងទំនើងទាំងនោះជិះម៉ូតូបង្ហោះនិងជ្រែម៉ូតូលេង ពេញថ្នល់និង ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮសម្លេងខ្លាំងៗបង្កឱ្យប៉ះពាល់និងរំខាន់ដល់ប្រជាពលរដ្ឋមកលេងកំសាន្តនៅកន្លែងប្រារព្ធពិធីបុណ្យទូកដែលពោពេញទៅដោយមនុស្សយ៉ាងកកកុញនោះ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថាក្មេងទំនើង១៨នាក់ខាងលើនៅពេល កម្លាំងនគរបាលចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយសមត្ថកិច្ចធ្វើតេស្តទឹកនោមដោយរកឃើញថាក្មេងទាំងនើង១៨នាក់នោះមានផ្ទុកសាធាតុថ្នាំញៀន ជាមុខសញ្ញាប្រព្រឹត្តបទល្មើសប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។
លោកឧត្តមសេនីយ៍ស្នងការរងបានឱ្យដឹងទៀតថាដោយអនុវត្តតាមបទបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលបានអនុវត្តការងារតាម តួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តបុណ្យអ៊ុំទូកនៅខេត្តបាត់ដំបងឱ្យទទួលបានសន្តិសុខសុវត្ថិភាពមួយរយភាគរយ។
លោកស្នងការរងបានបញ្ជាក់ទៀតថា នៅថ្ងៃទី២ និងជាថ្ងៃបញ្ចប់ពិធីបុណ្យអ៊ុំទូក នៅខេត្តបាត់ដំបង កម្លាំងនគរបាលជាង៤០០នាក់សហការនិងកម្លាំងអាវុធហត្ថខេត្ត បន្ត រិតបណ្តឹងសន្តិសុខសណ្តាប់យ៉ាងម៉ឺងម៉ាត់បន្ថែមទៀតធ្វើយ៉ាងណាធានាឱ្យបានបរិយាកាសល្អដើម្បីឱ្យដំណើរកានៃរពិធីបុណ្យអ៊ុំទូកនៅខេត្តបាត់បងទទួលបានជោគជ័យ ៕
ដោយ៖ សំ វិច្ឆិកា