ខេត្ដពោធិ៍សាត់៖ កម្លាំងនគរបាល ស្រុកភ្នំក្រវាញបានឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបុរសរូបនេះផឹកស្រាស្រវឹងជោក ជាំយកប្រេងម៉ាស៊ូតទៅចាក់ស្រោចដុតសាលាមត្ដេយ្យឆេះម៉ត់សល់តែផេះ ។
ជនបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនកាលពីវេលាម៉ោង៤និង១០នាទី រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅ នឹងផ្ទះជនសង្ស័យ ស្ថិតនៅក្នុងភូមិអូរ ព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្ដ ពោធិ៍សាត់ ។
នគរបាលមូលដ្ឋានឱ្យដឹងថា ជនដែល ដុតសាលាមត្ដេយ្យហើយត្រូវសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ មឿន កុសល ភេទ ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុង ភូមិ-ឃុំកើតហេតុ ។
លោកគ្រូសាលាមត្ដេយ្យបានឱ្យដឹង ថា សាលាមត្ដេយ្យដែលត្រូវបុរសប្រមឹក ដុតបំផ្លាញមានទំហំ៨ម៉ែត្រគុណនឹង១៥ម៉ែត្រសង់អំពីឈើដំបូលប្រក់ក្បឿង (មានសភាពចាស់ទ្រុឌទ្រោម) ។ តាម ចម្លើយជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា កាលពីរសៀលថ្ងៃទី ២៣ ខែតុលា ខ្លួនបានទៅទិញប្រេង ម៉ាស៊ូតចំនួនកន្លះលីត្រនៅតូបលក់ដូរ របស់ឈ្មោះ សួ នៅភូមិជាមួយគ្នាដើម្បី យកមកទុកដុតសាលារៀនខាងលើនេះ ចោល ព្រោះសាលានេះវាមានសភាព ចាស់ទ្រុឌទ្រោមពេកនិងឃើញគេទុក ចោល ។ លុះមកដល់ថ្ងៃទី២៥ ខែតុលា វេលាម៉ោង៦និង២០នាទីល្ងាចខ្លួនបាន យកប្រេងម៉ាស៊ូតកន្លះលីត្រនិងកាន់ស្រាស កន្លះលីត្រទៅអង្គុយផឹកក្នុងសាលារៀន ខាងលើរហូតដល់ស្រវឹង ។ លុះនៅម៉ោង ៧និង១៥នាទីយប់ថ្ងៃដដែលរូបគេបាន ចាក់ប្រេងម៉ាស៊ូតស្រោចតាមជញ្ជាំងសាលារៀនរួចដុតចោលតែម្ដងនិងបាន ស្រែកខ្លាំងៗថា ភ្លើងឆេះសាលារៀន ហើយធ្វើឱ្យប្រជាពលរដ្ឋផ្អើលឆោឡោ នាំគ្នាជួយពន្លត់តែយឺតពេលទៅហើយ ។
ជនសង្ស័យបន្ដថា មូលហេតុដែល គេដុតសាលានេះចោលដោយសារគេ ឃើញសាលាចាស់ទ្រុឌទ្រោមខ្លាចបាក់ រលំសង្កត់ក្មេងៗ ។
សមត្ថកិច្ចបានបញ្ជាក់ថា ចម្លើយ ជនសង្ស័យខាងលើនេះជាចម្លើយផ្ដេស ផ្ដាសព្រោះចម្លើយនេះអាចចាត់ទុកថា ជនសង្ស័យជាមនុស្សញៀនស្រាមើល ទៅដូចជាមនុស្សសរសៃប្រសាទ ។
សមត្ថកិច្ចនគរបាលបានបន្ដថា ជន សង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ដពោធិ៍ សាត់ដើម្បីបន្ដនីតិវិធី។
លោក សូ សាហុង អភិបាលស្រុកភ្នំ ក្រវាញបានឱ្យដឹងតាមទូរស័ព្ទថា សាលា រៀននេះពិតជាចាស់ទ្រុឌទ្រោមមែន ប៉ុន្ដែ វាជាសម្បត្ដិរបស់ក្រសួងអប់រំហើយ សាលានេះក្រោមការឧបត្ថម្ភរបស់អង្គ ការខនស៊ើនមិនអាចបុគ្គលណាម្នាក់ធ្វើអ្វីផ្ដេសផ្ដាសបានឡើយ ៕
ដោយ៖ ប៉ឹម ពិន