ក្រុមចោរប្លន់ទើបចេញពីពន្ធនាគារ ញ៉េ ឡយ និង ផាន់ នឿន ចូលភ្ជង់ប្លន់ផ្ទះអ្នកលក់គ្រឿងទេស យកមាសប្រាក់សរុបជាង៥ពាន់ដុល្លានិងម៉ូតូ២គ្រឿងជិះគេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ក្រុមចោរប្លន់ចំនួន៤នាក់ ដែលទើបចេញពីពន្ធនាគារ ហើយសម្មត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មំុ បានស្គាល់អត្តសញ្ញាណអស់ហើយនិងកំពុងតាមប្រមាញ់ជាយូនោះ បានធ្វើសកម្មភាពចូលប្លន់ផ្ទះអ្នកលក់គ្រឿងទេសដោយចាប់ម្ចាស់ផ្ទះចងវាយដំហើយរើកកាយយកមាសប្រាក់សរុបគិតជាលុយអស់ជាង៥ពាន់ដុល្លានិងម៉ូតូចំនួន២គ្រឿងជិះរត់គេចខ្លួនដោយសុវត្ថិភាព ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៨តុលា២០១៥ស្ថិតនៅភូមិចំបក់ឃុំថ្មពេជ្រស្រុក-ខេត្តត្បូងឃ្មុំ ។

នគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡន ហុងសេង ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ សាន ដា អាយុ៣៦ឆ្នាំមុខរបរអ្នកលក់គ្រឿងទេស ។

សម្មត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែរៀបចំទុកដាក់ទំនិញលក់ដូររួចចេញទៅបិទទ្វាររបងផ្ទះ ខណៈនោះមានជនសង្ស័យចំនួន៤នាក់ស្លៀកពាក់ស៊ីវីលជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាកប្រដាប់ដោយកាំភ្លើងAK២ដើមនិងកាំភ្លើងខ្លី១ដើមឈប់នៅមុខផ្ទះហើយ៣នាក់បានដើរចូលធ្វើសកម្មភាពភ្ជង់គំរាមបាញ់សម្លាប់និងចាប់ជនរងគ្រោះជាប្តីចងយកដបស៊ាំងវាយដំហើយរុករើកកាយយកទ្រព្យសម្បត្តិមានដូចជា, ខ្សែកមាស៣ខ្សែសរុបមានទំងន់១តំឡឹង៩ជី.ជញ្ជៀនមាស២វង់មានទំងន់២ជីកន្លះ, ប្រាក់ដុល្លា១៥០០ដុល្លាលុយលក់ដូរប្រចាំថ្ងៃជាង១លានរៀលនិងម៉ូតូចំនួន២គ្រឿង១ម៉ាកហុងដាC125សេរីឆ្នាំ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1J.5758និង១គ្រឿងទៀតម៉ាកវ៉េវអាហ្វាសេរីឆ្នាំ២០១៤ពណ៌ក្រហមគ្មានស្លាកលេខហើយក្រុមជនសង្ស័យបានជិះឆ្ពោះទៅទិសខាងលិចចូលព្រៃកៅស៊ូជប់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំសហការណ៍ជាមួយកម្លាំងនគរបាលខេត្តនិងកម្លាំងមូលដ្ឋានចុះធ្វើការស៊ើបអង្គេតនិងពួនស្ទាក់តាមច្រករបៀងសំខាន់ៗជាច្រើនដើម្បីតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់តែ ។

លោកវរសេនីយ ប្រាក់ ប៊ុនណុន ស្នងការងផែនព្រហ្មទណ្ឌបានប្រាប់ឲដឹងថា ចំពោះករណីជនសង្ស័យក្នុងអំពើប្លន់នេះយើងបានស្គាល់អត្តសញ្ញាណអស់ហើយ ពួកវាជាមុខសញ្ញាចាស់ដែលទើបចេញពីពន្ធនាគារ គឺក្រុមអា ញ៉េ ឡយ និង ផាន់ នឿន ដែលយើងកំពុងតាមចាប់ខ្លួនព្រោះមានដីការស្រាប់ហើយកន្លងមកពួកវារត់គេចខ្លួនទៅខេត្តផ្សេង ៕



...

ដោយ៖ វណ្ណះ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print