ព្រះវិហារ៖ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ រួមនឹងមន្ត្រី នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៥ បាននាំយកអង្ករ ចំនួន ០៤ តោន ដែលជាការឧបត្ថម្ភប្រចាំខែរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម មកប្រគល់ជូនកងទ័ពនៅវរសេនាតូចការពារព្រំដែនលេខ ៤០៥ ក្នុងខេត្តព្រះវិហារ ។
ថ្លែងនៅក្នុងឱកាសនោះ លោក ចាប កុយ បានលើកឡើងថា ទោះបីជាកំពុងមមាញឹកក្នុងការងារវេចខ្ចប់ និងរក្សាទឹកទុក សម្រាប់់បម្រើដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករយ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម ពិសេសលោករដ្ឋមន្ត្រី លឹម គានហោ នៅតែយកចិត្តទុកដាក់ និងមិនដែលភ្លេចពីវរភាពរបស់កងទ័ពដែលកំពុងឈជើងនៅសមរភូមិមុខឡើយ ។ ជាក់ស្តែងលោករដ្ឋមន្ត្រី បានចាត់ឱ្យរូបលោក នាំយកអង្ករមកចែកជូនជាប្រចាំ រួមជាមួយនឹងការផ្តាំផ្ញើរសាកសួរសុខទុក ជូនចំពោះបងប្អូនវរៈកងទ័ពរបស់យើងផងដែរ ។
ជួសមុខឱ្យកងទ័ពទាំងអស់នៅវរសេនាតូចការពារព្រំដែនលេខ ៤០៥ លោកមេបញ្ជាការរង ម៉ៅ សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនកងទ័ពរបស់យើើង ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ៕