ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនក្នុងករណីផ្សេងគ្នាពីបទលួចម៉ូតូក្នុងសង្កាត់តែមួយ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ។
សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង១៤ ថ្ងែទី២៧ ខែតុលា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ប៉ូតេ រដ្ឋណា ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាព្រឹង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល ដែលបានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ ខ.ម ៩១៦៨របសជនរងគ្រោះដែលមានឈ្មោះនន លីតូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរយោធាភូមិភាគ៣ស្នាក់នៅផ្ទះលេខ៦១ផ្លូវលំក្រុម២ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមការអោយដឹងពីជនរងគ្រោះកាលពីថ្ងៃទី២៧ ខែតុលា វេលាម៉ោង១៤ ខ្លួនបានទុកម៉ូតូនៅខាងក្រោយផ្ទះ ហើយបានឡើងទៅលើផ្ទះ មួយសន្ទុះក្រោយមកក៏ឃើញមានជនសង្ស័យបានដើរមកយកដែកឆ្កិះសោកម៉ូតូបញ្ឆេះតែម៉ូតូមិនឆេះ ក៏បណ្តើចេញ ពេលនោះខ្លួនគេ(ជនរងគ្រោះ)ក៏ដេញតាមចាប់បានជនសង្ស័យយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតែម្តង ។
ដោយឡែកករណីទី២ជនសង្ស័យមាន ឈ្មោះឡេង ហ៊ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំភូមិត្រពាំងឈូក សង្លាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកនិច ពណ៍ស បិទស្គុត ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1FF 8344 របស់ជនេងគ្រោះឈ្មោះ ផាត់ លាងហេង ភេទប្រុស ស្នាក់នៅក្រុម១០ ភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមដើមបណ្តឹងបានអោយដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង២០ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿម៉ាកនិចខាងលើ ចូលទៅម្តុំមុខពេទ្យលោកសង្ឃ កន្លែងហ្គេមបាញ់ត្រី ហើយក៏ដើរចូលទៅក្នុងដោយទុកម៉ូតូនៅខាងក្រៅ ហើយបានទុកកូនសោម៉ូតូនៅលើទូហ្គេម ពេលនោះជនសង្ស័យបានលួចយកសោរចាក់ជិះគេចខ្លួនបាត់ ពេលនោះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកថ្លាហើយនាំគ្នាជិះដើរក ក៏ប្រទះឃើញម៉ូតូរបស់ខ្លួនចតនៅមុខម៉ាតម្តុំផ្សារអូរឫស្សី បាននាំគ្នាចាំមើលពេលនោះ ជនសង្ស័យក៏ចេញមកប្រុងឡើងជិះម៉ូតូ ក៏ត្រូវជនរងគ្រោះចាប់យកមកប្រគល់អោយនគរបាលប៉ុស្តិ៍ទឹកថ្លាតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ៖ តុង សីហា