ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីគេដឹងថាចំណងស្នេហាវ័យជាង២ឆ្នាំរបស់ ថៅកែផលិតកម្ម BKS គឺលោក ឈុន សុវណ្ណភក្តី ហៅនាយក្តី និងភរិយាបានដើរដល់ផ្លូវទាល់។ ការផ្តាច់ចំណងស្នេហ៍នេះត្រូវគេទម្លាយថាព្រោះតែប្រចណ្ឌប្តី ជាមួយតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ គឺនាយចឺម។
ឈុន សុវណ្ណភក្តីកាន់តែស្និទ្ធស្នាលប្លែករហូតមានការចំអន់ខ្លាំងៗពីអ្នកសិល្បៈថាពួកគេអាចមានចំណងស្នេហាភេទដូចគ្នា ពិសេសក្រោយពេលពួកគេនិយមស្លៀកពាក់ដូចគ្នា ដើរទៅណាមកណាជាមួយគ្នា ពិសេសបានបើកហាងផឹកស៊ីរួមគ្នានៅតំបន់ផ្សារកុងតឺន័ររួមគ្នាដែរ។ប្រភពបន្តថា ចំណងស្នេហ៍ប្រេះស្រាំរវាងថៅកែផលិតកម្ម BKS គឺនាយក្តីនិងភរិយាបានកើតឡើងក្រោយពីចំណងទាក់ទងរវាងនាយចឺម និងនាយក្តីកាន់តែស្អិតរមួតនឹងគ្នារហូតចេញទៅដំណើរកម្សាន្តរួមគ្នានៅប្រទេសថៃតែពីរនាក់ទៀតផងរហូតភរិយាប្រចណ្ឌកាន់តែខ្លាំងឈ្លោះគ្នានឹងសុំចែកផ្លូវគ្នាដើរដោយលែងបកក្រោយ។ ពាក្យនេះបានលេចសុះសាយពេញចង្កោមអ្នកសិល្បៈ ដែលនិយាយពីមាត់មួយទៅមាត់មួយ និងក្រោយពីមានការចំអន់ថានាយចឺម និងនាយក្តីភ្ជាប់ចំណងស្នេហ៍ភេទដូចគ្នា។ ប្រភពបន្តថា កន្លងទៅថ្មីៗនេះនាយក្តី និងភរិយាបានឈ្លោះគ្នាខ្លាំងរហូតឈានដល់ដំណាក់កាលលែងលះគ្នាព្រោះតែ ភាពស្និទ្ធស្នាលគ្នាខ្លាំងរបស់នាយចឺម និងនាយក្តីដែលពួកគេកន្លងមកបានស្បថថាបានយកគ្នាជាបងប្អូនធម៌ ស្របពេលដែលឪពុកម្តាយនាយក្តីបានស្រលាញ់ នាយចឺមរហូតដល់ថ្នាក់ទិញរថយន្តទំនើប តម្លៃជាង៧ម៉ឺនដុល្លារអាមេរិកឲ្យនាងចឺមនោះ។
ទោះជាយ៉ាងណា ឪពុកលោក ឈុន សុវណ្ណភក្តីទទួលស្គាល់ថាកូនប្រុសលោកពិតជាបែកគ្នាងជាមួយភរិយាគឺអ្នកនាងម៉ែន ចេននីតពិតមែនព្រោះតែការប្រចណ្ឌនឹងនាយចឺម ប៉ុន្តែលោកបដិសេធជុំវិញការលើកឡើងថា ពួកគេភ្ជាប់ទំនាក់ទំនងស្នេហាភេទដូចគ្នា។ លោកបញ្ជាក់ថា ភាពស្និទ្ធស្នាលគ្នាខ្លាំងបានបង្កើតឲ្យកូនប្រសាស្រីប្រចណ្ឌ និងដាច់ចិត្តសុំបែកកូនប្រុសលោកក្រោយរួមរស់ជាមួយគ្នាបានជាង២ឆ្នាំនិងទទួលបានចំណងដៃកូនស្រីម្នាក់។ លោកបញ្ជាក់ថា ពួកគេមាននិស្ស័យនិងស្រលាញ់គ្នាដូចបងប្អូនបង្កើតហើយពួកគេតែងទៅណាមកណាជាមួយគ្នាញឺកញាប់ទើបកាន់តែធ្វើឲ្យភរិយាអាក់អន់ស្រពន់ចិត្ត។ ទោះជាយ៉ាងណាលោកស្នើកុំឲ្យមានការយល់ច្រឡំចំពោះពួកគេ ព្រោះតែខ្លាចប៉ះពាល់កិត្តិយស ប្រជាប្រិយ និងនាំឲ្យពួកគេទាំងពីរពិបាករកគូស្នេហ៍នៅពេលខាងមុខ។ លោកថាក្រោយបែកគ្នាភរិយាបានទៅរស់នៅផ្ទះដែលរួមរស់ជុំគ្នាកន្លងមក និងមើលថែកូនស្រីដែលមានវ័យជាងមួយឆ្នាំផងដែរ។
គួរបញ្ជាក់ថា លោកឈុន សុវណ្ណភក្ដី វ័យ២២ឆ្នាំ បានចូលរោងការ ជាមួយអ្នកនាងម៉ែន ចេតនីត វ័យ២៥ឆ្នាំដែលជាកូនស្រីអ្នកជំនួញទ្រព្យស្តុកកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅបុរីវិមានភ្នំពេញ ក្រោយពីពួកគេស្វែងយល់ចិត្តគ្នាអស់មួយរយៈពេល។ គេនៅបន្តតាមដានដែរថាតើពាក្យចចាមអារ៉ាមខាងលើនឹងក្លាយជាទៅជាការពិតដែរឬយ៉ាងណា។នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីនាយចឺមបាននៅឡើយទេ ប៉ុន្តែកន្លងទៅនាយចឺម និងនាយក្តីថ្លែងដូចគ្នាថាពួកគេមិនបានស្រលាញ់ភេទដូចគ្នាដូចការលើកឡើងទេ គឺច្បាស់ណាស់ថាពួកគេស្រលាញ់មនុស្សស្រី៕
ដោយ វឌ្ឍនា