ខេត្តព្រះសីហនុ៖ ជនបរទេសម្នាក់ត្រូវបានការិយាល័យប្រឆាំងបទល្មើសគ្រឿញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនខ្លួនឡើងតុលាការ កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្រុម១១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ និងបញ្ជូនខ្លួនខាងលើ ឈ្មោះ ALEXANDER AGEEV ហៅក្រៅ SHA SA ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិរុស្សី មុខរបរអាជីវករ ស្នាក់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ម្សៅពណ៌ស២កញ្ចប់ ទម្ងន់១,៩ក្រាម, ទូរស័ព្ទដៃ១គ្រឿង, លិខិតឆ្លងដែន១ក្បាល។
ក្រោយពីត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀន និងវត្ថុតាងដែលសមត្ថកិច្ចបានដកហូតខាងលើពិតជារបស់គេមែន។ ជនសង្ស័យថែមទាំងបញ្ជាក់ទៀតថា គេបានមករស់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេល៣ឆ្នាំកន្លងទៅហើយ ដោយប្រកបរបរបើកហាងមួយកន្លែងនៅម្ដុំតោពីរឈ្មោះLUNAR EXPRESS។ ចំណែកថ្នាំញៀនដែលសមត្ថកិច្ចចាប់បានេះ គឺជាប្រភេទមេតំហ្វេតាមីន ដែលគេបានមកពីឈ្មោះDENIS ប្រហែលជា២សប្ដាហ៍កន្លងមកហើយ ដោយមិនបានចំណាយប្រាក់ដើម្បីទិញនោះទេ។ គេក៏មិនដឹងថា ឈ្មោះDENIS នៅទីណាកន្លែងណាដែរ ហើយថ្នាំញៀននោះ គេបានប្រើប្រាស់អស់៥លើកមកហើយ។ លុះមកដល់ថ្ងៃកើតហេតុ សមត្ថកិច្ចក៏បានមកដល់ហាងរបស់គេ ហើយក៏ឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់តូច ទើបឃាត់ខ្លួនរូបគេតែម្ដង៕
ដោយ៖ ឆ្លាមសមុទ្រ