ភ្នំពេញ៖ បុរសម្នាក់ស្លាប់មួយរំពេចខណៈដែលរថយន្តមួយក្រឿងបើកកៀរម៉ូតូឲ្យដួលចូលក្រោមរថយន្តកិនខ្ទេច ធ្លាយពោះវៀន ព្រមទាំងគ្រឿងក្នុងចេញមកក្រៅ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៨ តុលា ២០១៥ នៅចំណុចមុខហាងលក់-ដូរកង់រថយន្ត៨៨៨ជិតច្រកចូល បុរី ហ្គ្រេន ភ្នំពេញ តាមបណ្តោយលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោក ហ៊ុយ ហ៊ាន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ឈ្មោះ អ៊ឹម ប៊ុនឡាត់ អាយុ៤០ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកត្រួតពិនិត្យទំនិញនៅក្រុមហ៊ុនមួយស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅក្នុងភូមិតាកូយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមជិះម៉ូតូ ម៉ាកហុងដាវ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-0783 ធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ៥៩៨ក្នុងទិសដៅពី ត្បូង ទៅជើងហើយពេលមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿងរបស់ក្រុមហ៊ុនស៊ីថប បើកដោយបុរសម្នាក់ឈ្មោះរុង សុង អាយុប្រមាណជា៥០ឆ្នាំ យ៉ាងលឿនមកពីក្រោយកៀរម៉ូតូនោះដួលបណ្តាលឲ្យជនរងគ្រោះចូលទៅ ក្រោមកង់រថយន្តកុងតឺន័រកិនខ្ទេចខ្ទីខ្លួនប្រាណ និងក្បាល ព្រមទាំងធ្លាយខួរចេញគ្រឿងក្នុងមកក្រៅស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមួយរំពេច ។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទេ គឺព្យាយាមបើករត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមពីក្រោយរួចស្ទាក់ចាប់បាននៅខាងលិចរង្វង់មូលខាំកូស៊ីធី ស្ថិតតាមបណ្តោយផ្លូវម៉ុងឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោកនាយប៉ុស្តិ៍បានបន្តថា ខណៈដែលប្រជាពលរដ្ឋ និងសមត្ថកិច្ចបានឃាត់រថយន្តបង្កនេះបានហើយ អ្នកបើកបររថយន្តបង្កបានបដិសេធថា គាត់មិនបានបើករថយន្តកៀរ និងកិនមនុស្សស្លាប់ទេ ទោះបីគេឃើញនៅជាប់កង់រថយន្តខាងក្រោយផ្នែកខាងស្តាំមានជាប់ស្នាមខួរ និង ត្រូវបានគេយកផេះទៅលប់បំបិទដានយ៉ាងណាក៏ដោយ ។
ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរា ចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយតាមច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ៕
ដោយ៖ អរុណរះ