លិខិតមិត្តអ្នកអាន៖អាជ្ញាធរខណ្ឌចំការមន មេត្តាជួយមណ្ឌលសុខភាពផ្សារដើមថ្កូវផង!

ចែករំលែក៖

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រស់នៅជុំវិញមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមនយូរឆ្នាំហើយនោះ បានពិនិត្យឃើញថា នៅជុំវិញបរិវេណមណ្ឌលសុខភាព​មួយនេះ សព្វថ្ងៃឃើញមានភាពរញ៉េរញ៉ៃ បង្កភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់​ធ្នាប់សម្បើមណាស់ ដែលនេះមិនដឹងថា មកពីប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ ឬអាជ្ញាធរ​ដែនដីមិនបើកភ្នែកមើលឬ ដឹងដែរតែសម្ងំយកផលប្រយោជន៍រៀងខ្លួនយ៉ាងណានោះទេ ។

ខ្ញុំបានកត់សម្គាល់ឃើញថា នៅក្នុងបរិវេណមណ្ឌលសុខភាពមួយនេះបានក្លាយ​ជាកន្លែង​ផ្ញើកង់-ម៉ូតូរបស់សិស្ស និងអតិថិជនអស់ទៅហើយ ឯអ្នកជំងឺ ឬអ្នកទៅថែជំងឺ​គ្មានកន្លែងដាក់កង់ម៉ូតូទេ។ ដោយ​ទំនង​ដោយ​សារកន្លែងនេះជាកន្លែងត្រូវប៉ាន់ផងនោះ បានជាកន្លងមកប្រធានមណ្ឌលនេះ ដាក់ឲ្យមានការដេញថ្លៃផ្ញើកង់ម៉ូតូ និងជួលឲ្យមានកន្លែង​លក់ដូរដូចផ្សារត្រីយ៉ាងរញ៉េរញ៉ៃ​បាត់បង់​សណ្តាប់ធ្នាប់ពេញបរិវេណ មណ្ឌលសុខភាពយ៉ាង​នេះ ទោះបីដឹងថា មានការរំខាន ដល់អ្នកជំងឺដេកពួនមិនបានស្ទើរ២៤ម៉ោងក៏ដោយ ។

តាមខ្ញុំបាទដឹងពីមុនមកលោកប្រធានមណ្ឌលសុខភាពឲ្យគេដាក់លក់ទំនិញឬគ្រឿងហូបចុកក្រឡឹងជុំវិញដោយ​យក​ថ្លៃឈ្នួលមួយកន្លែង10$ទៅ20$និងប៉ូលិសយកមួយកន្លែង10000៛ទៅ20000៛ រហូតធ្វើឲ្យមានបាតុភាពសមត្ថកិច្ចមូលដ្ឋានចាប់បុគ្គលិកពេទ្យទៅសួរនាំ​ម្តងរួចទៅហើយ និងឥឡូវនេះសាលាខណ្ឌចំការ​មនហាមមិន​ឲ្យធ្វើបែបនេះទៀតទេ​ដោយបាន​ប្រាប់ថាឈប់ជួលកន្លែងលក់ដូរនិង យកលុយពីគេទៀត តែ​មិន​ដឹងរឿងអីលោក​ប្រធានមណ្ឌល មិនស្តាប់សោះរួចថែមទាំងផ្គើនបង្កភាពអនាធិបតេយ្យកាន់តែខ្លាំ ងជាងមុនទៅវិញ ។

មិនតែប៉ុណ្ណោះកន្លងមកប្រជាពលរដ្ឋ រួមនឹងលោកគ្រូអ្នកគ្រូដែលមើលឃើញពីការគ្មាន​សណ្តាប់ធ្នាប់របស់មណ្ឌលសុខភាពផ្សារដើមថ្កូវ បានប្តិតមេដៃប្តឹងដល់សាលាសង្កាត់ម្តង ជាពីរ​ដង​​ហើយតែលោកប្រធានមណ្ឌលសុខភាពមិនឈឺក្បាលឡើយ មិនដឹងគាត់អាងអី ?

ដោយខ្ញុំជាប្រជាពលរដ្ឋម្នាក់ក៏ដូចជាប្រជាពលរដ្ឋទូទៅ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ មើលឃើញពីភាពមិនប្រក្រតី និងឃើញការបាត់បង់សណ្តាប់ធ្នាប់សាធារណៈ​របស់​មណ្ឌល​សុខភាពផ្សារដើមថ្កូវបែបនេះ សូមសំណូម​ពរដល់លោកអភិបាលខណ្ឌចំការមន ក៏ដូចអាជ្ញា ធររាជធានី មេត្តាចុះទៅពិនិត្យ កែលម្អឲ្យមានសោភណភាពដល់មណ្ឌលសុខភាពផ្សារដើម ថ្កូវឡើងវិញផង បើពុំនោះទេមណ្ឌលសុខភាពក្លាយជាផ្សារត្រីរំខានដល់អ្នកជំងឺ និងសាលា​រៀន​នៅជិតកូនសិស្សរៀនសូត្រមិនមិនចូលមិនខាន ៕​  ប្រជាពលរដ្ឋរស់​នៅសង្កាត់ផ្សារដើមថ្កូវ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print