ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រស់នៅជុំវិញមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមនយូរឆ្នាំហើយនោះ បានពិនិត្យឃើញថា នៅជុំវិញបរិវេណមណ្ឌលសុខភាពមួយនេះ សព្វថ្ងៃឃើញមានភាពរញ៉េរញ៉ៃ បង្កភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់សម្បើមណាស់ ដែលនេះមិនដឹងថា មកពីប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ ឬអាជ្ញាធរដែនដីមិនបើកភ្នែកមើលឬ ដឹងដែរតែសម្ងំយកផលប្រយោជន៍រៀងខ្លួនយ៉ាងណានោះទេ ។
ខ្ញុំបានកត់សម្គាល់ឃើញថា នៅក្នុងបរិវេណមណ្ឌលសុខភាពមួយនេះបានក្លាយជាកន្លែងផ្ញើកង់-ម៉ូតូរបស់សិស្ស និងអតិថិជនអស់ទៅហើយ ឯអ្នកជំងឺ ឬអ្នកទៅថែជំងឺគ្មានកន្លែងដាក់កង់ម៉ូតូទេ។ ដោយទំនងដោយសារកន្លែងនេះជាកន្លែងត្រូវប៉ាន់ផងនោះ បានជាកន្លងមកប្រធានមណ្ឌលនេះ ដាក់ឲ្យមានការដេញថ្លៃផ្ញើកង់ម៉ូតូ និងជួលឲ្យមានកន្លែងលក់ដូរដូចផ្សារត្រីយ៉ាងរញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់ពេញបរិវេណ មណ្ឌលសុខភាពយ៉ាងនេះ ទោះបីដឹងថា មានការរំខាន ដល់អ្នកជំងឺដេកពួនមិនបានស្ទើរ២៤ម៉ោងក៏ដោយ ។
តាមខ្ញុំបាទដឹងពីមុនមកលោកប្រធានមណ្ឌលសុខភាពឲ្យគេដាក់លក់ទំនិញឬគ្រឿងហូបចុកក្រឡឹងជុំវិញដោយយកថ្លៃឈ្នួលមួយកន្លែង10$ទៅ20$និងប៉ូលិសយកមួយកន្លែង10000៛ទៅ20000៛ រហូតធ្វើឲ្យមានបាតុភាពសមត្ថកិច្ចមូលដ្ឋានចាប់បុគ្គលិកពេទ្យទៅសួរនាំម្តងរួចទៅហើយ និងឥឡូវនេះសាលាខណ្ឌចំការមនហាមមិនឲ្យធ្វើបែបនេះទៀតទេដោយបានប្រាប់ថាឈប់ជួលកន្លែងលក់ដូរនិង យកលុយពីគេទៀត តែមិនដឹងរឿងអីលោកប្រធានមណ្ឌល មិនស្តាប់សោះរួចថែមទាំងផ្គើនបង្កភាពអនាធិបតេយ្យកាន់តែខ្លាំ ងជាងមុនទៅវិញ ។
មិនតែប៉ុណ្ណោះកន្លងមកប្រជាពលរដ្ឋ រួមនឹងលោកគ្រូអ្នកគ្រូដែលមើលឃើញពីការគ្មានសណ្តាប់ធ្នាប់របស់មណ្ឌលសុខភាពផ្សារដើមថ្កូវ បានប្តិតមេដៃប្តឹងដល់សាលាសង្កាត់ម្តង ជាពីរដងហើយតែលោកប្រធានមណ្ឌលសុខភាពមិនឈឺក្បាលឡើយ មិនដឹងគាត់អាងអី ?
ដោយខ្ញុំជាប្រជាពលរដ្ឋម្នាក់ក៏ដូចជាប្រជាពលរដ្ឋទូទៅ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ មើលឃើញពីភាពមិនប្រក្រតី និងឃើញការបាត់បង់សណ្តាប់ធ្នាប់សាធារណៈរបស់មណ្ឌលសុខភាពផ្សារដើមថ្កូវបែបនេះ សូមសំណូមពរដល់លោកអភិបាលខណ្ឌចំការមន ក៏ដូចអាជ្ញា ធររាជធានី មេត្តាចុះទៅពិនិត្យ កែលម្អឲ្យមានសោភណភាពដល់មណ្ឌលសុខភាពផ្សារដើម ថ្កូវឡើងវិញផង បើពុំនោះទេមណ្ឌលសុខភាពក្លាយជាផ្សារត្រីរំខានដល់អ្នកជំងឺ និងសាលារៀននៅជិតកូនសិស្សរៀនសូត្រមិនមិនចូលមិនខាន ៕ ប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារដើមថ្កូវ