៣ម៉ោងមុនមានករណីផ្ទុះអាវុធជាប់ព្រំដែនប៉ុស្តិ៍អូររាំងស្លាប់២នាក់ របួសធ្ងន់ម្នាក់ ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់ តែមុននេះ៥នាទីម៉ោង៧និង៤០យប់ជនរងគ្រោះម្នាក់ទៀតបានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មុននេះប្រមាណជា២ម៉ោងនៅចំណុចប៉ុស្តិ៍អូរលា ស្រុកអូររាំង ក្នុងដែនជម្រកសត្វព្រៃកែវសិមា ខេត្តមណ្ឌលគិរីត្រូវបានគេរាយការណ៍មកថា មានករណីផ្ទុះអាវុធបណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ និងមន្ត្រីបរិស្ថានម្នាក់ទៀតបានស្លាប់ ដោយឡែកប្រជាពលរដ្ឋដែលជាអ្នកបកប្រែ និងជាប្រជាពលរដ្ឋក្នុងសហគមន៍រងរបួសធ្ងន់ ហើយត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត មុននេះបន្តិចនៅវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

គេពុំទាន់ដឹងពីមូលហេតុនៃការផ្ទុះអាវុធបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនោះទេ ។ ការសន្និដ្ឋានជាច្រើនបកស្រាយផ្សេងៗគ្នា ប៉ុន្តែមុនកើតហេតុ៣ម៉ោងមន្ត្រីបរិស្ថានដែលបានស្លាប់នោះ បានទូរស័ព្ទមកកាន់ប្រធានប៉ុស្តិ៍អូររាំងផ្នែកបរិស្ថាន ប៉ុន្តែមិនបានលើកទូរស័ព្ទ ក្រោយមកក៏មានហេតុការណ៍ផ្ទុះអាវុធនេះកើតឡើង ដូច្នេះគេពុំដឹងថា ការផ្ទុះអាវុធនេះផ្តើមឡើងដោយបញ្ហាអ្វីនោះឡើយ។

លោកស្វាយ សំអាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកអ៊ុក សំណាង ស្នងការនគរបាលខេត្ត អះអាងដូចគ្នាផងដែរថា ពិជាមានការផ្ទុះអាវុធមែនកាលពីព្រលប់ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយ។

ព័ត៌មានចុងក្រោយមុននេះ៥នាទី ជនរងគ្រោះដែលជាប្រជាពលរដ្ឋក្នុងសហគមន៍ រងរបួសដោយគ្រាប់កាំភ្លើងធ្លាយចេញពោះវៀន និងបាក់ដៃ ក៏បានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកមុននេះបន្តិច ។ ដូច្នេះជនរងគ្រោះក្នុងហេតុការណ៍នេះ ម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ ម្នាក់ជាមន្ត្រីបរិស្ថាន និងម្នាក់ទៀតជាប្រជាសហគមន៍ត្រូវបានស្លាប់ទាំង៣នាក់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីបរិស្ថាននៅកន្លែងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីនោះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print