ភ្នំពេញ៖ ការផ្លាស់ប្តូរទ្រនុំច្រៀងបាននឹងកំពុងតែធ្វើឲ្យស្ថានភាពប្រជាប្រិយភាពរបស់តារាចម្រៀងជាច្រើនមានការប្រែប្រួល។ ដំណឹងចុងក្រោយដែលទទួលបានគឺអតីតជ័យលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា កំពុងត្រៀមខ្លួនចុះកិច្ចសន្យាជាផ្លូវការជាមួយផលិតកម្មថោនហើយក្រោយពីជ្រកក្រោមដំបូងហង្សមាសមួយរយៈពេលតែមិនមានសន្ទុះខ្លាំងនោះ។
ទីផ្សារចេញច្រៀងរបស់ ប៊ុត សីហា ហាក់មិនហក់ឡើងខ្លាំងដូចតារាចម្រៀងរួមដំបូលឡើយពិសេសបើធៀបជាមួយតារាចម្រៀងដែលកើតចេញពីការប្រឡងចម្រៀងនៅទូរទស្សន៍ហង្សមាស។ ការមិនអាចប្រជែងទីផ្សារចម្រៀងបាន បូករួមទាំងការលេចលឺថាតារារូបនេះបានដាក់ខ្លួនច្រៀងក្នុងកម្មវិធីមង្គលការសាមញ្ញៗនោះកាន់តែធ្វើឲ្យតារារូបនេះស្ងប់ស្ងាត់ខ្លាំង។ ទោះជាយ៉ាងក្តីសង្ឃឹមនឹងអាចដុះឡើងជាថ្មីក្រោយពីមានការទម្លាយថាតារាប្រុសរូបនេះនឹងចុះកុងត្រាច្រៀងជាផ្លូវការជាមួយផលិតកម្មថោន។ ប្រភពពីអ្នកជិតដិតលើកឡើងថា ប៊ុត សីហាហាក់ បាត់បង់ឱកាសច្រើននៅហង្សមាសទោះបីជាលោកជាម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលដំបូងគេក្តី។ តាមប្រភព បានឱ្យដឹងដែរថា លោ ប៊ុត សីហា ត្រៀមនឹងវេចបង្វេចទៅតាមរៀមច្បងរបស់គេមួយចំនួនដែលបានចាកចេញទៅកាន់ផលិតកម្មនេះ តួយ៉ាងមានដូចជា យក់ ឋិតរដ្ឋា ឈិត សុវណ្ណបញ្ញា សុន ស្រីពេជ្រ ម៉ៅ ហាជីជាដើម។ប្រភពបន្តថា អតីតជយលាភីរូបនេះអាចនឹងមានអនាគត ប្រសិនបើចុះកុងត្រាច្រៀងឱ្យផលិតកម្ម ថោន ពិតមែន ព្រោះតែផលិតកម្មនេះ យកចិត្តទុកដាក់ និងឱ្យតម្លៃលើទេពកោសល្យ តារាចម្រៀងក្មេងៗ។ ជាពិសេសអ្នកមានសមត្ថភាពដូចជា ប៊ុត សីហា នេះតែម្ដង។
ទាក់ទងការត្រៀមចុះកុងត្រាឱ្យផលិតកម្ម ថោន នេះលោក ប៊ុត សីហា មិនអាចសុំការបកស្រាយបាននោះទេ ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។ ដោយឡែកលោក ករុណា ពេជ្រ ដែលជាអ្នកចាត់ការទូទៅរបស់ ថោន ក៏មិនអាចទាក់ទងសុំការបញ្ជាក់បានដូចគ្នា។ប្រភពមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាលោក ប៊ុត សីហា ហាក់អស់ជំនឿលើផលិតកម្ម រស្មីហង្សមាស ដែលខ្លួនប្រឡងជាប់លេខ១ ក្នុងកម្មវិធី The Voice Cambodia នាពេលកន្លងទៅ ព្រោះតែគ្មានបទចម្រៀងណាមួយអាចទាក់ទាញការគាំទ្រពីទស្សនិកជននោះទេក្នុងនាមជាម្ចាស់ពានកម្មវិធីលំដាប់អន្តរជាតិនោះ៕
ដោយ វឌ្ឍនា