យ៉ាងហោចណាស់ក៏មានមនុស្ស១២នាក់ស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែក និងបាញ់រះនៅក្នុងសណ្ឋាគារធំបំផុតនៅទីក្រុងMogadishu ប្រទេសស៊ូម៉ាលីកាលពីថ្ងៃទី១ខែវិច្ឆិកា ។
ក្រុមអិស្លាមជ្រុលនិយម Al Shabaab បានប្រកាសទទួលស្គាល់ពីការវាយប្រហារខាងលើថាជាក្រុមរបស់ខ្លួនជាអ្នកប្រព្រឹត្ត។ សណ្ឋាគារSahafi ជាទីកន្លែងពេញនិយមក្នុងការស្នាក់នៅរបស់តំណាងរាស្ត្រ មន្ត្រីរដ្ឋាភិបាលនិងអ្នកជំនួញធំៗទាំងក្នុងនិងក្រៅប្រទេស ។
ពេលដំបូងរថយន្តធុនតូចមួយគ្រឿងបានបង្កៃគ្រាប់បែក បើកសម្តៅទៅបុកក្លោងទ្វារសណ្ឋាគារ បណ្តាលឲ្យផ្ទុះយ៉ាងខ្លាំង ធ្វើឲ្យមនុស្សជាច្រើនស្លាប់ភ្លាមៗនៅនឹងកន្លែង។មន្ត្រីស៊ូម៉ាលីបញ្ចាក់ថា ក្នុងចំណោមអ្នកស្លាប់មានទាំងម្ចាស់សណ្ឋាគារខាងលើផងដែរ តំណាងរាស្ត្រមួយរូប និងមន្ត្រីយោធាដែលចូលនិវត្តន៍យរូបផងដែរ ។
ក្រោយការផ្ទះភ្លាមៗក្រុមអាលសាបាតសម្រុកចូលសណ្ឋាគារបាញ់ប្រហារជាមួយកម្លាំងសន្តិសុខយ៉ាងខ្លាំង។ ការបាញ់ប្រហារអូសបន្លាយរហូតដល់យប់ថ្ងៃទី១ខែវិច្ឆិកាទើបកម្លាំងរដ្ឋាភិបាល អាចគ្រប់គ្របស្ថានភាព និងបណ្តេញក្រុមអាលសាបាតចេញពីសណ្ឋាគារនោះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី