ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងពណ៌ស្លែរមួយគ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ ២C.៥៧២៧ បោកខ្លួនប្រាស់ដេកកណ្តាលផ្លូវជាតិលេខ៧៨ត្រង់ចំណុចផ្លូវបត់កោងចម្ងាយប្រមាណ១០០០ម៉ែត្រពីច្រកទ្វារអន្តរជាតិអូយ៉ាដាវ នៅវេលាម៉ោង២និង៣០នាទី នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ ប៉ក់ធំឃុំ ប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ។
ប្រភពបានឱ្យដឹងថា អ្នកបើកបរមានឈ្មោះ រតនា ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ បើករថយន្តចេញមកពីទីរួមស្រុកវ៉ើនសៃឆ្ពោះទៅប្រទេស់វៀតណាមដោយពុំមានអ្នករួមដំណើរជាមួយឡើយ ដែលមានទិសដៅពីលិចទៅកើត ចូលប្រទេសវៀតណាមដើម្បីដឹកឥវ៉ាន់ចាប់ហួយ។ ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តនោះក៏បែកកង់ខាងមុខ រេចង្កូតទៅបុករះបង្កាន់ដៃរបាំងផ្លូវកោងក្រឡាប់តែម្តង។
គេសង្កេតឃើញបង្កាន់ដៃរបាំងផ្លូវកោងរងការខូចខាតប្រវែងប្រហែល១០ម៉ែត្រ ប៉ុន្តែសំណាងល្អរថយន្តមិនមានមនុស្សរងគ្រោះថ្នាក់អី្វទាំងអស់់។
ក្រោយពីកើតហេតុ រថយន្តនោះត្រូវម្ចាស់រករថយន្តស្ទូចដើម្បីយកទៅជួសជុល និងបន្តដំណើការដឹកជញ្ជូនឥវ៉ាន់ចាប់ហួយបន្តទៀតមិនមានការខូចខាត់ច្រើនទេ ព្រោះរថយន្តនោះមានសភាពចាស់ទ្រុតទ្រោមស្រាប់ហើយ ។ ឯសំណងការខូចខាត់យ៉ាងណាមិនទាន់បានដឹងនៅឡើយ ៕
ដោយ៖ សាវុទ្ធ