ភ្នំពេញ៖ ក្រុមជនសង្ស័យពីរនាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូឡេតមួយគ្រឿងពីនារីម្នាក់ ខណៈដែលនាងកំពុងឈប់ចាំភ្លើងស្តុបហើយជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ច ។
ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង២០នាទីយប់ ថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំណុចភ្លើងស្តុប តាមបណ្ដោយផ្លូវលេខ៧០(ផ្លូវទំនប់ទួលគោក) កែងនិងផ្លូវបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញមាននារីម្នាក់ជិះម៉ូតូ ឡេត មួយគ្រឿងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1FI-8991 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧០ ទិសដៅពីលិចទៅកើត លុះមកដល់ចំភ្លើងស្តុបដោយឃើញសញ្ញាភ្លើងពណ៍ក្រហមក៏ឈប់ ពេលនោះស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូស្ទេបមួយគ្រឿង ពណ៍ខ្មៅមិនចាំស្លាកលេខបានមកឈប់ជិតនិងវាយជនរងគ្រោះហើយឡើងជិះម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុកម្លាំងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបាននាំជនរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បីដាក់ពាក្យបណ្ដឹង តែពេលមកដល់ប៉ុស្តិ៍មានបុរសម្នាក់បានមកទទួលជនរងគ្រោះយកទៅផ្ទះវិញដោយមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។
សូមបញ្ជាក់ថានៅតាមបណ្ដោយផ្លូវលេខ៧០តែងតែមានករណីវាយ និងភ្ជង់ប្លន់ជាញឹកញាប់តែមិនមានសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍ទាន់វេលាឡើយ ៕
ដោយ៖ ចាន់ធឿន