ភ្នំពេញ៖ ក្រោយពីទម្លាក់ពីរោងដោយមិនអស់ចិត្ត ភាពយន្តខ្មែររឿង“ប៊ីអាយជី និងខ្មោចយក្សធំ” ត្រៀមចេញចាក់បញ្ចាំងនៅតាមបណ្តាខេត្តជាច្រើន។ ពេលនេះផលិតករបានសម្រេចចិតបញ្ចេញភាពយន្តទៅចាក់បញ្ចាំងនៅរោងភាពយន្តនាខេត្តបាត់ដំបង និងបន្ទាយមានជ័យមុនពេលចេញទៅខេត្តផ្សេងទៀត។
កន្លងមកផលិតកម្ម ស៊ីស្ដា បានសម្ពោធខ្សែភាពយន្តខ្នាតធំរបស់ខ្លួន គឺរឿង”ប៊ីអាយជី និងខ្មោចយក្សធំ” លើកដំបូង កាលពីពាក់កណ្តាលខែកុម្ភៈបន្ទាប់ពីផលិតអស់ជាច្រើនខែ និងចំណាយដើមទុនក្នុងការផលិតជិត១០ម៉ឺនដុល្លារអាមេរិក។ក្រោយចាក់បញ្ចាំងមិនបានប៉ុន្មានថ្ងៃផងលេចចេញប្រតិកម្មពីផលិតករ សិល្បករក្រោយពីភាពយន្តទម្លាក់ម៉ោងបញ្ចាំងភាពយន្តនេះដាក់ភាពយន្តបរទេសជំនួ គ្រាដែលភាពយន្តនេះនៅមានអ្នកទស្សនាច្រើននិងទើបចាក់បញ្ចាំងមិនបានប៉ុន្មានថ្ងៃផងនោះ។
ទោះជាយ៉ាងណាផលិតករភាពយន្តនេះនៅបន្តជំន្នះការលំបាកដោយជំរុញឲ្យនាំភាពយន្តបែបភ័យរន្ធត់នេះទៅដល់តំបន់ខេត្តមួយចំនួន ហើយបើកឆាកនៅខេត្តដំបូងចាប់ពីថ្ងៃទី១៥ខែមីនានេះគឺខេត្តបាត់ដំបង និងបន្ទាយមានជ័យ ។ នេះបើតាមការលើកឡើងរបស់តំណាងផលិតកម្ម។ ប្រភពបន្តថាការចេញចាក់បញ្ចាំងភាពយន្តរឿង“ប៊ីអាយជី និងខ្មោចយក្សធំ”នេះគឺដើម្បី រកប្រាក់ចំណូល និងស្របតាមការសំណូមពររបស់អ្នកគាំទ្ររឿងនេះ។ ផលិតករ និងសិល្បករបានអំពាវនាវឲ្យទស្សនិកជនគាំទ្រភាពយន្តខ្មែរបន្តជួយលើកទឹកចិត្ត គាំទ្រស្នាដៃផលិតដោយកូនខ្មែរនិងខិតខំសម្រិតសម្រាំងខ្លាំង និងបន្តចេញផលិតភាពយន្តថ្មីរបន្តទៀត។
គួរបញ្ជាក់ដែរថារឿង “ប៊ីអាយជី និងខ្មោចយក្សធំ” គឺជាខ្សែភាពយន្តខ្មោចភ័យរន្ធត់លងបន្លាច ជាមួយឈុតឆាកកំប្លែង ស្នេហាអូនបង និងបង្កប់ទៅដោយអត្ថន័យអប់រំជាច្រើន មានការចូលរួមសម្ដែងដោយលោក ឈី រដ្ឋា អ្នកនាង សុខ សោម៉ាវត្តី លោក BIG នាយ ក្រូច និងតារាសម្ដែងប្រុសស្រីជាច្រើនផងដែរ៕ ដោយ វឌ្ឍនា