ភ្នំពេញ៖ ក្រោយចេញមុខរិះគន់អ្នកសិល្បៈដូចគ្នាដោយមិនសមទំនងជាហូរហែរមក ម៉ៃ សុគន្ធត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានដាក់រហ័សនាមថា”កំពូលអ្នកទើសរកលេខដាក់គ្មាន”។ ការដាក់រហ័សនាមនេះធ្វើឡើងក្រោយតារារូបនេះបានចេញមុខរិះគន់ក្រុមតារាចម្រៀងក្មេងខ្មែរ។
មិនបញ្ចប់ការរិះគន់អ្នកសិល្បៈគ្នាឯង លោក ម៉ៃ សុគន្ធ ដែលធ្លាប់បានគេបាញ់ឡើងសុះសាច់នោះបានចេញមុខរិះគន់ជាថ្មីនឹងបទចម្រៀងថ្មីរបស់ក្រុមតារាចម្រៀងក្មេងខ្មែរគឺបទបទ”កំលោះទាំង៣”។ ការរិះគន់នេះបានធ្វើឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមរិះគន់បកវិញយ៉ាងចាស់ដៃស្ទើរគ្រប់គ្នា។ កន្លងមកតារាចម្រៀង ម៉ៃ សុគន្ធ ធ្លាប់បានចេញមុខរិះគន់ចំៗចំពោះសិល្បករដូចគ្នាជាច្រើន រហូតរងព្រនុងជាពាក្យសម្តីយ៉ាងដំណំពីមហាជន។ មិនខ្លាចរអានឹងពាក្យរិះគន់ខ្លាំងៗកន្លងមក តារារូបនេះបានបន្តវាយប្រហាលើក្រុមក្មេងខ្មែរក្នុងបទថ្មី បទ”កំលោះទាំង៣”ដែលទើបនឹងបញ្ចេញកាលពីពេលកន្លងទៅថ្មីៗនេះ។
លោក ម៉ៃ សុគន្ធ លើកឡើងក្នុងហ្វេសប៊ុករបស់ខ្លួនថា”មិនដឹងថា ក្មេងទាំង២នាក់ហ្នឹង បទគាត់ចង្វាក់អីអោយប្រាកដវៃ hip hop មិនចំ hip hop តែបើថា សារ៉ាវ៉ាន់ មិនចំសារ៉ាវ៉ាន់ រាំវង់ក៏មិនចំ ថាម៉ាឌីហ្សុនក៏មិនត្រូវ ចង្វាក់អីទៅណ ប្រាប់ផងអ្នកដឹង Original Song សម័យនេះ ខ្មែរអើយខ្មែរអូភ្លេច បើកបរ អត់ពាក់មួកសុវត្តិភាព ជិះគ្នាបីនាក់ទៀត”។ ការរិះគន់នេះមិនបានមួយម៉ោងផងត្រូវបានអ្នកលេងហ្វេសប៊ុកដូចគ្នាវាយបកយ៉ាងចាស់ដៃទៅម៉ៃសុគន្ធថាជា”កំពូលអ្នកទើសរកលេងដាក់គ្មាន” អ្នករិះគន់ខ្លះបានទាំងដេញលោក ម៉ៃ សុគន្ធរត់ទៅដុសក្អែល និងឆ្លុះកញ្ចក់មើលមុខខ្លួនឯងផងដែរ…ក្រៅពីពាក្យចំអកហូរហែរជាច្រើន ក៏មានការតិះដៀលចំពោះតារាចម្រៀងរូបនេះមិនតិចនោះដែរ។
គួរបញ្ជាក់ដែរថា ក្រុមបុរសសង្ហា “ក្មេងខ្មែរ” បានដាក់ចម្រៀងថ្មីមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រយ៉ាងរណ្ដំកាលពីថ្មីនេះមុនពេលពិធីបុណ្យភូមិឆ្នាំនេះចូលមកដល់។ បទថ្មីនេះមានចំណងជើងថា “កំលោះទាំង៣” ដែល សុជាតិ និង ពន្លឺ បានចាប់ដៃជា សៀវពីង ផលិតឡើងដើម្បីអបអរឱកាសបុណ្យចូលឆ្នាំ។ អមជាមួយទេសភាពស្រុកស្រែស្រស់បំព្រង រួមទាំងភ្លេងយ៉ាងរន្ថើន បានធ្វើឲ្យវីដេអូចម្រៀងនេះកាន់តែមានភាពទាក់ទាញ ៕
ដោយ វឌ្ឍនា