ខេត្តព្រះសីហនុ៖ ទំនិញគេចពន្ធហូរចូលតាមស្នាក់ការគយនិងរដ្ឋាករទាំង៣ ដែលឋិតក្រោមការគ្រប់គ្រង របស់សាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ត្រូវបានគេទម្លាយថា រដ្ឋបានបាត់បង់ចំណូលពន្ធនាំចូលយ៉ាងច្រើនក្នុង១ខែៗ ដោយអំពើរត់ពន្ធនេះក្លាយជាប្រភពសេដ្ឋកិច្ចនៃអំពើពុករលួយរបស់ ប្រធានសាខា ប្រធានស្នាក់ការ រហូតដល់គេបង្ហើបថា៖ ខាងសាខាម៉ៅដាច់អោយខាងស្នាក់ការទាំង៣ បង់លុយជាកញ្ចប់ឡើងលើបែងចែកហែកប្រយោជន៍នេះសុីតាមតួនាទីភារកិច្ច។
សព្វថ្ងៃប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ សំងំកើបលុយពីមធ្យោបាយដឹកជញ្ជូនទំនិញគេចពន្ធលើលំហរសមុទ្រ ហូរចូលតាមច្រកស្នាក់ការទាំង៣ យ៉ាងស្ងាត់ស្ងៀមបំផុត។ ក្នុងនោះស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ពោពេញទៅដោយទំនិញគេចពន្ធលក្ខណះទ្រង់ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មានបង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប(ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតំលៃខ្ពស់មកបង់ពន្ធជាទំនិញ(ផ្សាធូប)ចាប់ហួយទៅវិញ។
អ្វីដែលរដ្ឋបាត់បង់ចំណូលពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ គឺបញ្ហាប្រេងគេចពន្ធនេះតែម្តង ខាងគយទំនប់រលក រកសេដ្ឋកិច្ចបែបពុករលួយអោយប្រធានសាខា យ៉ាងសុខស្រួលបន្លំជាប្រេងនាំចូលស្របច្បាប់ជាដើម។ គេបានលើកឡើងថា៖ បើខាងគយទំនប់រលក និងមេសាខាខេត្ត មានវិធានទប់ស្កាត់ទំនិញគេចពន្ធ ប្រេងគេចពន្ធ អនុវត្តតាមផែនការ អគ្គនាយ នៃអគ្គនាយកដ្ឋាន គយនិរដ្ឋាករ កម្ពុជា និងការណែនាំពីការណែនាំពីក្រសួង និងហិរញ្ញវត្ថុ ក៏ដូចគោលនយោបាយរដ្ឋាភិបាល ធានាបានថារដ្ឋនឹងទទួលបានចំណូលពន្ធនាំចូលក្នុងកម្រិតខ្ពស់ក្នុង១ខែៗ ប៉ុន្តែប្រធានសាខា និងមេស្នាក់ការៗទាំង៣ ធ្វើការរបៀប(កន្ទេលធំបន្លំដេក) ក៏ប្រឹងស្រូបយកប្រភពសេដ្ឋកិច្ចពីទំនិញរត់ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ក្លាយទៅជាវប្បធម៍ហែកប្រយោជន៍ចែកគ្នាទទួលទានយ៉ាងស្ងៀមស្ងាត់ និងសំណែនដល់ថ្នាក់លើដើម្បីបិទបាំងអំពើមិនប្រក្រតី ក្លាយជាអំពើពុករលួយលក្ខណះប្រព័ន្ធរីកដុះដាលពេញបន្ទុក។
កន្លងមកក៏ដូចបច្ចុប្បន្ន ប្រេងគេចពន្ធបានហូរចូលដោយគម្ហុកពីប្រទេសថៃ យកមកទុកលក់ចែកចាយបន្តនៅចំណុច កោះព្រាប ក្រោមការគ្រប់គ្រងដោយមេគយទំនប់រលក។ ដូច្នេះទាំងទូកតូច ទូកធំចរាចរណ៍លើដែនសមុទ្រត្រូវទិញប្រេងគេចពន្ធពីចំណុច កោះព្រាប មានតំលៃទាបសម្រាលដល់ការចំណាយរបស់ពួកគាត់ ពិសេសឡានឈ្មួញទាំងតូច ទាំងធំ បានទៅដឹកចេញពីកោះព្រាប យកមកចែកចាយតាមស្ថានីយ៍ប្រេងក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួនទៀតយ៉ាងចំហរ ខណះមេគយៗ មានភារកិច្ចបង្ក្រាបងប់ងល់និងទទួលលាភសក្ការៈពីមេឈ្មួញរកសុីទុច្ចរិតទាំងនោះ..?
គេបានរាយការណ៍ពីដែនសមុទ្រមកថា៖ បើទោះជា ទំនិញគេចពន្ធលក្ខណះទ្រង់ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មានបង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប(ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតំលៃខ្ពស់មកបង់ពន្ធជាទំនិញ(ផ្សាធូប)ចាប់ហួយទៅវិញក៏ដោយ ក៏រាល់ទំនិញទាំងនេះត្រូវឆ្លងកាត់ក្រុមគយចល័តដែនសមុទ្រ និងនគរបាលព្រំដែនទឹកជាមុនសិន។ បានន័យថា៖ គយចល័តដែនសមុទ្រ និងនគរបាលព្រំដែន អនុញ្ញាតិអោយដឹកជញ្ជូនឬសុីលុយពីឈ្មួញហើយ ទើបខាងគយទំនប់រលក គយស្ទឹងហាវ គយកែវផុស បន្តយកលុយដូចគ្នា ទើបបទល្មើសរត់ពន្ធក្លាយទៅជារឿងធម្មតាដែលមេគយៗនៅខេត្តព្រះសីហនុ និងមេគយស្នាក់ការទាំង៣ ម្នាក់ៗសឹងក្លាយជាសេដ្ឋីពីចំណូលប្រភពសេដ្ឋកិច្ចទំនិញគេចពន្ធទាំងនេះ។
មេឈ្មួញរកសុីដឹកទំនិញគេចពន្ធ និងប្រេងគេចពន្ធគឺមុខដដែលៗទេ បើចង់បង្ក្រាបងាយស្រួលបំផុត ប្រសិនបើមេគយៗ និងសមត្ថកិច្ចពាក់ព័ន្ធមានឆន្ទះ ឬមិនទទួលបានប្រយោជន៍ពីបទល្មើសនេះ។ ថ្មីៗនេះៗ លោក នុប សំអាន ប្រធានស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ទើបមកកាន់តំណែងជិត៣សប្តាហ៍ជំនួសប្រធានស្នាក់ការដែលត្រូវចូលនិវត្តន៍ គឺមានមេឈ្មួញរកសុីគេចពន្ធធំៗ បានមកចចារ រកកញ្ចប់ទុកអោយចៀសវាងបែកឆ្នាំងបាយពួកគេ។ ដូច្នេះលោក នុប សំអាន កាប់ឆៅៗណាស់ដែរ គ្រាមានឱកាសមកដល់…? ពាក់ព័ន្ធនិងការលើកឡើងខាងលើ អង្គភាព«នគរដ្រេហ្គន»មិនអាចទំនាក់ទំនងបានទេពីលោក នុប សំអាន ប្រធានស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក បានទេនៅរសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺ។ ដោយឡែកលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ទូរស័ព្ទត្រូវបានបិទនៅក្រៅតំបន់សេវា។
ក្រុមអ្នករកសុីបានរំលឹកថា៖ បើសិនថ្នាក់លើមិនបានអើពើទប់ស្កាត់ទំនិញគេចពន្ធហូចូលតាមស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ទុំ ណូ ទេ រដ្ឋនឹងត្រូវបាត់បង់ចំណូលពន្ធនាំចូលក្នុង១ខែរាប់សែនដុល្លារ ដែលថវិកាទាំងនេះសុទ្ធតែធ្លាក់ចូលត្រឹមហោប៉ៅមេគយៗ សាខា មេគយៗស្នាក់ការប៉ុណ្ណោះ ពិសេសមេគយទំនប់រលកទទួលលាភសក្ការៈពីទំនិញគេចពន្ធក្នុងកម្រិតខ្ពស់ រហូតដល់មានលទ្ធភាពទ្រទ្រង់សេដ្ឋកិច្ចអោយលោក ទុំ ណូ មេសាខាក៏ដូចមេៗខាងលើដើម្បីឆក់យកឱកាសប្រមូលប្រភពចំណូលក្នុងតំណែងនេះ៕
ដោយ៖ សុខ ខេមរា