តុលាការ​កំពូល​ បើក​សវនាការ​ថ្ងៃទី​១១មេសា​ សំណុំរឿង​គប់​គ្រាប់បែក​សម្លាប់​មួយ​គ្រាប់​នៅ​ខណ្ឌ​សែនសុខ​

ចែករំលែក៖

ភ្នំពេញ​៖ឯកសារ​តុលាការ​កំពូល​ បង្ហាញ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ តុលាការ​កំពូល​នឹង​បើក​សវនាការ​សំណុំរឿងគប់គ្រាប់បែក សម្លាប់មួយគ្រួសារ នៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឱ្យ​កុមារាម្នាក់អាយុ១១ឆ្នាំស្លាប់ និង៥នាក់រងរបួសធ្ងន់ស្រាល ដែលមានអតីត​ចៅសង្កាត់គោករកាជាមេខ្លោង​ ។

សវនាការ​នេះ​ដឹកនាំ​ ដោយ​លោក​ សឹង​ បញ្ញា​វុឌ្ឈ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ អ៊ុក​ គឹម​សិទ្ធិ​ ជា​តំណាង​មហា​អយ្យការ​ ។

គួររំលឹកថា ទាំង​សាលាដំបូងរាជធានីភ្នំពេញ និង​ សាលាឧទ្ធរណ៍​ សម្រេច​ដូចគ្នា​ ប្រកាស​ផ្តន្ទាទោសក្រុមជនល្មើស៤នាក់ ដាក់ពន្ធនាគារចន្លោះពី៣០ឆ្នាំដល់មួយជីវិត ។

តុលាការ បានផ្តន្ទាទោសឈ្មោះ ភី ណុប អាយុ៤៦ឆ្នាំ ជាអតីតចៅសង្កាត់គោករកា និង ឈ្មោះ នួន សំរិទ្ធ​ ហៅ ម៉ាប់ អាយុ២៧ឆ្នាំ ជាជនដៃដល់ ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត ។

ផ្តន្ទាទោសឈ្មោះ ពៅ ប៊ុនធឿន អាយុ២៣ឆ្នាំ ជាអតីតប្រធានសហគមន៍អណ្តូង៦ និង ឈ្មោះ អេង បូលីន ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ ។ ក្រុមជនជាប់ចោទ ត្រូវសងសំណងជំងឺ​ចិត្តដល់ក្រុមគ្រួសារជនរងគ្រោះរាប់លាន​រៀលផងដែរ។

មន្ត្រី​នគរបាលមូលដ្ឋានខណ្ឌសែនសុខ បានបញ្ជាក់ថា មូលហេតុដែលអតីត​ចៅសង្កាត់គោករកា បានជួលឃាតក គប់គ្រាប់បែកប៉ងសម្លាប់មួយគ្រួសារនោះ ដោយសារតែលោក ភី ណុប ច្រណែននឹងជនរងគ្រោះ ដែលគ្រោងឈរឈ្មោះ ជាចៅសង្កាត់ ហើយពាក់ព័ន្ធទៅនឹងជម្លោះការរកស៊ីក្នុងមុខជំនួញដីធ្លីផងដែរ។

មន្រ្តីនគរបាលបន្តទៀតថា មុនពេលប៉ងសម្លាប់ជនរងគ្រោះអតីត​ចៅសង្កាត់គោករកា លោក ភី ណុប បានសន្យាថា នឹងឱ្យលុយឃាតកចំនួនមួយម៉ឺនដុល្លារ បើធ្វើកិច្ចការនេះ បានសម្រេច។ ប៉ុន្ដែពេលធ្វើសកម្មភាពមិនចំគោលដៅ ហើយជនរងគ្រោះ មិនស្លាប់នោះ មេខ្លោងបានត្រឹមផ្ដល់លុយចំនួន៥០០០ដុល្លារប៉ុណ្ណោះ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print