ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកបាកានចុះរូសរើឧបករណ៍នេសាទខុសច្បាប់ ស្ដីពីជលផល ដាក់កាត់ស្ទឹងតាមបញ្ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ខណៈមានប្រជាពលរដ្ឋរាយការណ៍ ។
ប្រតិបត្តិការខាងលើនេះ ចាប់ផ្ដើមអនុវត្ដន៍ឡើងនៅម៉ោង ១១.៣០នាទីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយស្ទឹងអ្នកតាទ្វារ និងស្ទឹងស្វាយដូនកែវ ស្ថិតក្នុងភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង រហូតដល់ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបាកានបានឱ្យដឹងថា ការអនុវត្តន៍នេះធ្វើឡើងតាមបញ្ជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ខណៈប្រជាពលរដ្ឋរាយការណ៍ថា មានជនទុច្ចរិតដាក់របាំងកាត់ស្ទឹងយ៉ាងច្រើនស្កេកស្កះ ធ្វើឱ្យប្រជាពលរដ្ឋទូទៅគ្មានកន្លែងនេសាទលក្ខណៈគ្រួសារ ។ ប្រភពបន្ដទៀតថា លទ្ធផលក្នុងការបង្ក្រាបមិនទាន់មានទូរលេខនៅឡើយទេ ដោយកម្លាំងទើបតែចាប់ផ្ដើមធ្វើ ហើយបទល្មើសមានច្រើនស្កេកស្កះ ៕
ដោយ៖ ប៉ឹម ពិន