ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់លើផ្ទៃមុខ ក្នុងករណីទំនាស់ពាក្យសម្តីក្លាយជាហិង្សាកាប់ប្រហារគ្នា ចំណែកជនដៃដល់បានរត់គេចខ្លួនទៅពួននៅក្នុងផ្ទះ លុះព្រឹកឡើងថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០១៥ ត្រូវសមត្ថកិច្ចចាប់ បាន បន្ទាប់ពីជនសង្ស័យគេចខ្លួនបានប្រហែល១២ម៉ោង ។
ករណីកាប់ប្រហារដោយអំណាចស្រាចូលខ្លួនបានកើតឡើងនៅវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ។
ជនដៃដល់ដែលត្រូវបានឃាត់ ខ្លួននោះមានឈ្មោះ ប៊ិន ខ្លូត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មៃរ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ។ ចំណែកឯជនរងគ្រោះឈ្មោះ ហ៊ីង ហ៊ុល ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ មានទីលំនៅក្នុង ភូមិ-ឃុំកើតហេតុខាងលើ ត្រូវបញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យបង្អែកកៀនស្វាយ។
លោកនូ ពីប៉ូ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានអង្គុយផឹកស្រាជាមួយមិត្តភ័ក្រក្នុងភូមិ រហូតស្រវឹងជោកជាំហើយបានជិះម៉ូតូជាមួយឈ្មោះ ស៊ូ រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ ក្នុងគោលបំណងឆ្ពោះទៅដេកយាមស្រះចិញ្ចឹមត្រីនៅឯងបឹងខាងក្រោយភូមិ ។ ពេលជិះបានពាក់កណ្តាលផ្លូវឈ្មោះ ស៊ូ រដ្ឋា បានបើកម៉ូតូចូលទៅលេងផ្ទះរបស់ឈ្មោះ អ៊ី ប៉ែត្រ មួយសន្ទុះ ជនរងគ្រោះក៏បានក្រោកដើរឆ្ពោះទៅស្រះចិញ្ចឹមត្រីមុនឈ្មោះ ស៊ូ រដ្ឋា ។ ពេលជនរងគ្រោះដើរ តាមផ្លូវប្រមាណ៦០ម៉ែត្រពីផ្ទះរបស់ឈ្មោះអ៊ី ប៉ែត្រ ក៏បានជួបនិយាយគ្នាលេងជាមួយជនសង្ស័យដែលស្ថិតក្នុងសភាពស្រវឹងស្រាដូចគ្នា ។ ពេលនិយាយមិនទាន់បានប៉ុន្មានមាត់ផងក៏ទាក់ពាក្យសំដីគ្នា គ្រានោះជនសង្ស័យបានស្ទុះចូលទៅក្នុងផ្ទះយកកាំបិតផ្គាក់យាកាមប្រហារទៅលើជនរងគ្រោះចំលើផ្ទះមុខ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនដៃដល់បានកាន់កាំបិតរត់គេចខ្លួនចេញពីផ្ទះអស់រយៈពេល១យប់ រហូតដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ទើបសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបាន បញ្ជូនទៅកាន់អថិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតនៅព្យាបាលរបួសក្នុងមន្ទីរពេទ្យឯរាធាំនីភ្នំពេញដោយសារស្ថានភាពរបួសធ្ងន់ពេក ៕
ដោយ៖ សណ្តោស