ភ្នំពេញ៖ ក្រុមអាជីវករលក់ទូរស័ព្ទគេចពន្ធដែលកន្លងមកសមត្ថកិច្ចគយនិងរដ្ឋាកររាជធានីភ្នំពេញបានបង្ក្រាបកាលពីថ្ងៃមុននោះ មកដល់ពេលនេះពួកគាត់ បានសម្រុកនាំគ្នាទៅ បង់ពន្ធ ជាបន្តបន្ទាប់ហើយដោយគ្រាន់តែរយៈពេល ៥ថ្ងៃប៉ុណ្ណោះ រដ្ឋប្រមូលពន្ធពីការបង់ទូរស័ព្ទនេះបាន ២.៥១៣គ្រឿង និងគិតជាទឹកប្រាក់សរុបប្រមាណ ២០៣.០៧៨.៤២៧រៀល ស្មើ នឹងជាង ប្រមាណ៥ម៉ឺនដុល្លារអាមេរិកបន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទទួលបានការលើកលែងការផាកពិន័យ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ខែវិច្ឆិកាថា បន្ទាប់ពីទទួលបានការជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៥កន្លងទៅនិងមានការឯកភាពពីលោករដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការលើកលែងការ ផាក ពិន័យ រាល់ទូរស័ព្ទ ដែលកំពុងដាក់លក់នៅក្នុងប្រទេសកម្ពុជា ដែលគ្មានពន្ធនោះ ក្រុមអាជីវករលក់ទូរស័ព្ទគេចពន្ធជាច្រើន ជាពិសេសទូរស័ព្ទជាង៤០០០គ្រឿងដែលបង្ក្រាបនៅហាងចំនួន២ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមនបានភ្ញាក់រលឹកចូលខ្លួនទៅបង់ពន្ធ និងអាករជាបន្តបន្ទាប់។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានកើតសរសើរ និងថ្លែងអំណរ គុណដល់ម្ចាស់ទូរស័ព្ទ និង គ្រឿងអេឡិចត្រូនិក ដែលបានស្ម័គ្រចិត្តចូលទៅបំពេញកាតព្វកិច្ចពន្ធ និងអាករនាពេលនេះ។
ទន្ទឹមនេះមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានអំពាវនាវដល់ម្ចាស់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក គ្មានពន្ធគ្រប់ ប្រភេទដទែទៀត ដែលមិនទាន់បានចូលទៅប្រកាសពន្ធ និងអាករដោយស្ម័គ្រចិត្តសូម ឲ្យរួសរាន់ទៅបំពេញកាតព្វកិច្ចបង់ពន្ធ ដើម្បី ទទួលបានការលើកលែងផាកពិន័យ ដូចការជូនដំណឹងកាលពីថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៥របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលបានសម្រេចលើកលែងការផាកពិ ន័យ ត្រឹមរយៈពេល ១៥ថ្ងៃនោះ៕
ដោយ៖ ប្រាថ្នា