កំពង់ឆ្នាំង៖ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស នាព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានចុះពិនិត្យការងារបូមទឹកបញ្ចូលអាងទឹកទំនប់តាកុយ ស្ថិតក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
លោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឱ្យដឹងថា អាងទឹកតាកុយ អាចស្តុបទឹកបានប្រមាណ ៣.៥២០.០០០ ម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវប្រាំងរបស់ប្រជាកសិករបានចំំនួន ១.៨២០ ហិកតា ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ លោក ប៉ុញ សច្ចៈ បានបន្តថា ការងារបូមយកទឹកពីទន្លេសាបមកបញ្ចូលអាងទឹកតាកុយ បានចាប់ផ្តើមកាលពីចុងខែតុលា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥ សេះ) ចំនួន ០៤ គ្រឿង ហើយមកដល់ពេលនេះ ទឹកក្នុងអាងកើនឡើងបានប្រមាណ ១៥ភាគរយ ខណៈប្រជាកសិករបាន និងកំពុងទាញយកទៅប្រើប្រាស់ក្នុងការងារសាបព្រោះ ដកស្ទូងដំណាំស្រូវរដូវប្រាំងរបស់ពួកគាត់ជាបណ្តើរៗ ។
លោក ប៉ុញ សច្ចៈ បានបន្ថែមថា ចំពោះការងារបូមទឹកបញ្ចូលអាងនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល គឺក្រុមការងាររបស់យើងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ២២ គ្រឿង ព្រមទាំងបានផ្តល់ប្រេងជូនសហគមន៍ទំនប់សម្រាប់ដំណើរម៉ាស៊ីនបូមខ្នាតតូចដែលមាននឹងកន្លែងស្រាប់ ប្រមាណជាង ១០០ គ្រឿងទៀត ។
លោកអគ្គនាយកកិច្ចការបច្ចេកទេស បានបន្តថា ទន្ទឹមនឹងនេះ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុិយម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោករដ្ឋមន្ត្រី លឹម គានហោ បាន និងកំពុងបន្តចុះពិនិត្យទីតាំងផ្សេងៗទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕