ខេត្តសៀមរាប៖ ក្រុមអង្គការការពារ សត្វព្រៃហៅកាត់ថា អង្គការវាយអេតបានសហការជាមួយរដ្ឋបាលព្រៃឈើនិងកងរាជអាវុធហត្ថបានចុះឆែកឆេរតាមហាងផឹកស៊ីចំនួន២កន្លែងនិងចាប់យកសត្វព្រៃបានមួយចំនួន ក្នុងក្រុងសៀមរាបដែលល្បីថា ខាងលក់សត្វព្រៃរាប់ឆ្នាំមកហើយនោះ រួចទៅប្រលែងនៅក្នុងតំបន់រមណីយដ្ឋានអង្គរវត្តវិញ។
ប្រតិបត្តិការចុះចាប់សត្វព្រៃក្នុងហាងមិនធ្លាប់មានពីមុខមកនោះ បានធ្វើឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ និងក្រោយស្តាតចាស់ នៃក្រុងសៀមរាប។
លោកម៉ុងប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា ហាងទី១ឈ្មោះម្លប់ស្បូវសៀមរាបថ្មី ទី២ឈ្មោះស្រីមុំ។លោកបានឲ្យដឹងថា ហាងដែលល្បីល្បាញខាងលក់សាច់សត្វព្រៃឈ្មោះស្រីមុំ មានទីតាំងនៅផ្លូវ៦០ម៉ែត្រខាងជើងសាលាខេត្តសៀមរាបចម្ងាយ២០០ម៉ែត្រ។លោកបានបន្ថែមឲ្យទៀតដឹងថា ចំណាត់ការនេះបានធ្វើទៅលើហាងផឹកស៊ីចំនួនពីរនិងទីតាំងលក់សត្វព្រៃមួយកន្លែង។ ក្នុងនោះហាងម្លប់ស្បូវសៀមរាបថ្មីរកឃើញពោះវែករនាម១ក្បាលពោះ ថ្លាន់១ក្បាលសាច់ទន្សង១,៨គីឡូក្រាម ហើយឲ្យម្ចាស់ហាងម្លប់ស្បូវសៀមរាបថ្មី គឺធ្វើការផាកពិន័យនិងឲ្យធ្វើកិច្ចសន្យាបញ្ឈប់នាំចូលសត្វព្រៃយកមកលក់តទៅទៀត។
លោកបានបញ្ជាក់ថា ចំពោះហាងឈ្មោះស្រីមុំវិញ កម្លាំងជំនាញបានចូលឆែកឆេរ ប៉ុន្តែពុំបានរកឃើញសាច់ឬសត្វព្រៃអ្វីនោះទេ។ ជាមួយគ្នានោះដែរ លោកថា នៅក្លែងលក់សត្វព្រៃខាងក្រោយទីតាំងក្បែរព្រះអង្គចេកព្រះអង្គចមវិញ កម្លាំងសមត្ថកិច្ចជំនាញ បានរឹបអូសកូនអណ្តើក១៣៨ក្បាល,សារិកាកែវក្របី១៤ក្បាល។ សត្វទាំងនោះបានយកទៅប្រលែងនៅក្នុងរមណីយដ្ឋានអង្គរ។ ហើយឲ្យអ្នកលក់សត្វក្បែរព្រះអង្គចេកចម គឺឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការចាប់សត្វមកលក់ តទៅទៀត
គួរបញ្ជាក់ផងដែរ ហាងផឹកស៊ីខាងលើ បានបើកលក់សាច់សត្វព្រៃលួចលាក់ជាយូរឆ្នាំមកហើយ និងលក់ឲ្យភ្ញៀវដែលស្គាល់គ្នា ឬមន្ដ្រីធំៗប៉ុណ្ណោះ ចំណែកភ្ញៀវធម្មតា ហាងផឹកស៊ីខាងលើមិនហ៊ានលក់ឲ្យនោះទេ ដោយខ្លាចបែកការ។ប៉ុន្ដែទោះជាយ៉ាងណា សមត្ថកិច្ចមានចំណាត់ការនេះ ប្រហែលជាអាចបាត់ឆ្នាំបាយរបស់មន្ដ្រីខិលខូចមួយចំនួនព្រោះថា ការលក់សត្វព្រៃយ៉ាងត្រជាក់ត្រជុំនៅតាមហាងផឹកស៊ីកន្លងមកនោះ ដោយសារមានកម្លាំងសមត្ថកិច្ចមួយចំនួនបានទៅយកលុយពីម្ចាស់ហាងថែមទៀតផង ជាថ្នូរមិនបង្ក្រាប ៕
ដោយ៖ ជានិរន្ដរ៍