ខេត្ដកណ្ដាល៖ កម្មករអគ្គិសនីម្នាក់ ត្រូវចរន្ដអគ្គិសនីឆក់ស្លាប់ ខណៈដែល រូបគាត់ឡើងលើបង្គោលភ្លើងចាប់ ប្រអប់តរាយខ្សែភ្លើងបង្កឱ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង៣ និង៣៥ នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុក កៀនស្វាយ ខេត្ដកណ្ដាល ។
តាមប្រភពរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះញិល ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករអគ្គិសនី មាន ទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្ដកណ្ដាល ។
ប្រភពដដែលបានបន្ដឱ្យដឹងថា កាល ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ឈ្មោះសំ សឿន ភេទប្រុស អាយុ៣១ឆ្នាំ ជាមេការ ធ្វើ-ដំឡើងតរាយខ្សែភ្លើង ពីឈ្មោះ អ៊ុក លី ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅ ភូមិដាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ជាម្ចាស់អគ្គិសនីប្រចាំនៅឃុំគគីរធំ ស្រុកកៀនស្វាយ ។ មុនពេលកើតហេតុ ឈ្មោះសំ សឿន ដែលជាមេការបាន ជួលឱ្យជនរងគ្រោះឡើងតរាយខ្សែភ្លើង តាមបង្គោលក្នុងភូមិសាស្ដ្រខាងលើ ។ ខណៈដែលជនរងគ្រោះឡើងលើបង្គោល ក៏បានចាប់ក្រចាប់ខ្សែប្រហែលដោយ សារខ្វះបច្ចេកទេសស្រាប់តែឆ្លងចរន្ដភ្លើង ឆក់ជនរងគ្រោះស្លាប់នៅលើបង្គោល តែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងពិនិត្យ ស្លាកស្នាម ព្រមទាំងធ្វើកោសល្យវិច័យ លើសាកសពជនរងគ្រោះរួចប្រគល់សាកសពឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមេការ អគ្គិសនីដែលជាអ្នកជួលជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅទៅសាកសួរនៅប៉ុស្ដិ៍ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕
ដោយ៖ វិបុល