ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីទទួលស្វាគមន៍ ការវិលត្រឡប មកពីវិញ របស់កីឡាការិនី កែ ឡេង និងអត្តពលិកផ្សេងទៀតនៃកីឡាប៊ូលនិងប៉េតង់កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅ លោក ពិត ចំណាន រដ្ឋមន្ត្រីស្តីទី នៃក្រសួងអបរំយុវជននិងកីឡា បានមានប្រសាសន៍ថា ជ័យជម្នះរបស់អ្នកស្រីកែ ឡេង កីឡាការិនី ប៉េតង់កម្ពុជា នៅពេលនេះគឺជាការ ឈ្នះរបស់យើងទាំងអស់គ្នា ។
លោក ពិត ចំណានបន្តទៀតថា ជោគជ័យ របស់កីឡាការិនីឆ្នើម កែ ឡេង ដែលចេញទៅ ការពារតំណែងជើងឯកពិភពលោកលើកនេះ ក្នុងកម្មវិធី15th Women’s Petanque World Championship 2015 នៅប្រទេសថៃដែលបានប្រព្រឹត្ត ចាប់ពីថ្ងៃទី៤ ដល់៧ខែវិច្ឆិកាឆ្នាំ២០១៥ គឺបន្ទាប់ពីកីឡាការិនីរូបនេះ លេងឈ្នះកីឡាការិនីទុយនេស៊ី ឈ្មោះMouna Beji នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល៣៣ទល់២៥ពិន្ទុ។
លោកបានបន្តទៀតថា ជាទូទៅក្រសួងអប់រំយុវជននិងកីឡា តែងតែគាំទ្ររាល់សកម្មភាពរបស់ កីឡាជាតិ ជាពិសេស ថ្ងៃនេះ កីឡាការិនីកែ ឡេង ធ្វើបានយ៉ាងល្អ ដោយនាំមកមេដាយ មាសកម្រិតពិភពលោកលើកទី២ ដែលជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជាតែងតែជំរុញ និង គាំទ្រវិស័យកីឡាកម្ពុជា ដើម្បីឲ្យមានសមត្ថភាពស្មើមុខស្មើមាត់ ជាមួយ បណ្តាប្រទេសដទៃទៀតទាំងក្នុងតំបន់និងលើសាកលលោក ។
ដោយឡែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បាន ហៅជ័យជម្នះ របស់កីឡាការិនី កែ ឡេងខាងលើនេះថា បានមកពីការគាំទ្រ របស់ក្រសួងអប់រំយុវជន និងកីឡា ដូច ជាសហព័ន្ធកីឡាប៉េតង់កម្ពុជា និងកីឡាការិនី កែ ឡេងខ្លួនឯង បានខិតខំប្រឹងប្រែង អស់ពី កម្លាំងកាយ ចិត្តដើម្បីការពារ តំណែងជើងឯកពិភពលោក របស់ខ្លួនបានដោយ ជោគជ័យ។
លោកបានបន្តទៀតថា ចំពោះNOCC តែងតែគាំទ្រជានិច្ចទាំងមុនពេលចេញដំណើរ ទៅប្រកួតនិងការវិលត្រឡប់មកវិញ របស់អត្តពលិកប៉េតង់កម្ពុជា ហើយនៅពេលដ៏ខ្លីខាងមុខនេះ សម្តេច តេជោ ហ៊ុន សែន គ្រោងអនុញ្ញាតឲ្យកីឡាការិនី កែ ឡេង ចូលជួបសម្តែងការគួរសមផងដែរ។
កីឡាការិនី កែ ឡេងបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញកាលពីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៥យ៉ាងដូច្នេះថា “ មេដាយមាសនិងពានរង្វាន់នេះ បានមកពី ការខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ ខ្ញុំព្រមទាំងការគាំទ្ររបស់ថ្នាក់ដឹកនាំគ្រប់គ្នា ដូច្នេះនាងខ្ញុំត្រូវតែ យកជ័យជម្នះមកជូនជាតិឲ្យខាងតែបាន” ។
អ្នកស្រីបន្តទៀតថា បន្ទាប់ពីខ្ញុំឆ្លងផុតដំណាក់កាលទី១ដែលមានកីឡាការិនី៤៦ប្រទេសនិង វគ្គបន្ត បន្ទាប់ទៀតនោះ នៅវគ្គផ្តាច់ព្រ័ត្រខ្ញុំយកឈ្នះលើកីឡាការិនីទុយនេស៊ីក្នុងលទ្ធផល៣៣ទល់២៥ ហើយកីឡាការិនី ទុយនេស៊ីរូបនេះក៏ធ្លាប់លេងចាញ់នាងខ្ញុំនៅទីក្រុងMontauban ប្រទេសបារាំងក្នុង វគ្គផ្តាច់ព្រ័ត្រម្តងរួចទៅហើយដែរ៕
ដោយ៖ សារីម