ប្រភពព័ត៌មានស៊ីនហួបានផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ថា មនុស្ស១០នាក់បានសម្លាប់នៅក្នុងការបាញ់ប្រហារគ្នាមួយកើតឡើងនៅកន្លែងបញ្ជល់មាន់ ស្ថិតនៅក្នុងរដ្ឋ Guerrerro ភាគខាងត្បូងមិចស៊ីកូ ។
មន្ត្រីនៅក្នុងតំបន់បានថ្លែងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ស្ថិតនៅទីប្រជុំជន Cuajinicuilapa រដ្ឋ Guerro របស់មិចស៊ីកូ ។
ភ្នាក់ងារសន្តិសុខបានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងមួយក្រុមបានចូលទៅកាន់កន្លែងលេងបញ្ចល់មាន់នៅវេលាម៉ោងប្រមាណ៩យប់ ម៉ោងនៅក្នុងតំបន់ ។ ក្រុមខ្មាន់កាំភ្លើងទាំងនោះបានបាញ់រះទៅលើហ្វូងមនុសុ្សតែម្តង ។
របាយការណ៍បឋមបានឲ្យដឹងថា មនុស្ស៦នាក់បានបាត់បង់ជីវិត ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ១២ឆ្នាំផងដែរ ។ ប៉ុន្តែនៅពេលបន្តបន្ទាប់ក្រោយមកទៀត មនុស្ស៤នាក់បានបាត់បង់ជីវិតបន្ថែមស្ថិតនៅក្នុងមន្ទីរពេទ្យដោយសារតែមានអាការរបួសធ្ងន់ពេក ក្រុមគ្រុពេទ្យមិនអាចជួយសង្គ្រោះបានឡើយ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ជនរងគ្រោះជាច្រើននាក់ផ្សេងទៀតកំពុងស្ថិតបាននិងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលរបួស ។
អភិបាលរដ្ឋ Guerrero លោក Hector Astudillo បានថ្កោលទោសចំពោះទង្វើខាងលើនេះ ។ នៅពេលនេះប៉ូលិសកំពុងតាមប្រមាញ់ជនបាញ់ប្រហារ ។
អំពើហិង្សាពាក់ព័ន្ធគ្រឿងញៀននៅក្នុងរដ្ឋ Guerrero តែងតែកើតមានញឹកញាប់បំផុត ។ កាលពីខែកញ្ញា ឆ្នាំ២០១៤ និស្សិត៤៣នាក់ត្រូវក្រុមប្រដាប់អាវុធចាប់ជំរិត និងធ្វើទារុណកម្មយ៉ាងឃោរឃៅពីសំណាក់ក្រុមជនពាលនៅទីនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត